ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃមានជិត ៤ពាន់លានដុល្លារកើនឡើងជិត ១៥នៅ៥ខែឆ្នាំ២០២២

ដោយ៖ សហការី

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ សម្រេចបាន ៣ ៨៤០លានដុល្លារអាមេរិក កើនឡើង១៤,៥ភាគរយ នៅរយៈពេល៥ខែឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។

របាយការណ៍បានបញ្ជាក់ថា “ទំហំពាណិជ្ជកម្មទ្វេភាគីរយៈពេល៥ខែ ឆ្នាំ២០២២ រវាងកម្ពុជា-ថៃ មានទឹកប្រាក់៣,៨៤ប៊ីលានដុល្លារអាមេរិក កើនឡើង១៤,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់៣,៣៥ប៊ីលានដុល្លារ”។

ប្រភេទទំនិញដែលកម្ពុជា បានលក់ទៅឲ្យប្រទេសថៃរួមមាន ផលិតផលកសិកម្ម វត្ថុធាតុដើម ត្បូងថ្មមានតម្លៃ និងវាយនភណ្ឌ ខណៈថៃលក់មកឱ្យវិញនូវផលិតផលសម្រេចដូចជា ត្រី សាច់ ម្ហូបអាហារ និងភេសជ្ជៈ ជីសរីរាង្គ ស៊ីម៉ង់ គ្រឿងសំអាង គ្រឿងតុបតែងផ្ទះ ឧបករណ៍អេឡិចត្រូនិក រថយន្ត និងគ្រឿងបន្លាស់ សម្ភារៈការិយាល័យ និងបរិក្ខាសំណង់ជាដើម។

សម្រាប់ខែឧសភាឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់សរុប ៩២៣,២លានដុល្លារ កើនឡើង ២៤,៥ភាគរយ បើធៀបនឹងខែមេសាមានទឹកប្រាក់ ៧៤១,៥លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះកម្ពុជានាំចេញទៅប្រទេសថៃ មានតម្លៃ៨៩,៨លានដុល្លារ ធ្លាក់ចុះ១,១៤ភាគរយ ធៀបនឹងខែមេសាមានតម្លៃ៩០,៨លានដុល្លារ ចំណែកការនាំចូលពីថៃមកកម្ពុជាមានតម្លៃ៨៣៣,៤លានដុល្លារ ធ្លាក់ចុះ២៨,១ភាគរយ ធៀបនឹងខែមេសា មានតម្លៃ៦៥០,៧លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here