ពិព័រណ៍ការងារផ្តល់ឱកាសការងារជាង៣ពាន់កន្លែងដល់យុវជន

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ពិព័រណ៍ការងារដែលរៀបចំឡើង ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២៣ ដល់២៤ ខែមិថុនា ឆ្នាំ២០២២ បានចាប់ផ្តើមហើយ នៅមជ្ឈមណ្ឌលម៉ានី នៃអគារ KAMPUS រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ដល់៥ល្ងាច។

ពិព៌ណការងារនេះ ធ្វើឡើងក្រោមកិច្ចសហការ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងចូលរួមគាំទ្រដោយអង្គការអន្ដរជាតិខាងការងារ (ILO)។

លោកហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងពិធីបើកពិព័រណ៍ការងារ នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ បានមានប្រសាសន៍ថា កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាអន្តរការី នៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួល ដល់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងទីផ្សារការងារ ឱ្យទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គោលបំណងសំខាន់បំផុតនៃពិព័រណ៍ការងារ គឺការបង្កើតជាវេទិកា ប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់នៅមួយកន្លែង ដើម្បីស្វែងយល់ពីតម្រូវការងារ ការជ្រើសរើសកម្លាំងពលកម្ម និងការដាក់ពាក្យស្នើសុំការងារ ជូនដល់សាធារណជនដើម្បី កាន់តែងាយស្វែងរក, ងាយចូលរួម, ឆ្លើយតបឆាប់រហ័ស”។

លោកហៃ ហ៊ុនឡេងបានបន្តថា ព្រឹត្តិការណ៍នេះ បានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាស ប្រកបដោយភាពសកម្ម និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្មដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទចូលទៅក្នុងឱកាសការងារទំនេរគ្រប់វិស័យ។

ជាមួយគ្នានេះ លោកបណ្ឌិត តាន់ មុនីវណ្ណ តំណាងលោក សាយ សំអាល ប្រធានសហភាពសហព័ន្ធរាជធានីភ្នំពេញបានលើកឡើងថា ពិព័រណ៌ការងារឆ្នាំ២០២២នេះ បានក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំ ព័ត៌មានទីផ្សារការងារ និងឱកាសទទួលបានការងារ កាន់តែទូលំទូលាយ ព្រមទាំងជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់បង្ហាញផ្លូវដល់យុវជន សិស្ស និស្សិតឱ្យទទួលបានចំណេះដឹង ចំណេះជំនាញថ្មីៗពីអ្នកជំនាញ និងអ្នកស្រាវជ្រាវសម្រាប់រៀបចំខ្លួន និងប្រែក្លាយគោលដៅជីវិត ឲ្យបានសមស្របជាមួយសភាពការប្រែប្រួលក្នុងទីផ្សារក្នុងប្រទេស និងក្នុងតំបន់។

លោកបន្ថែមថា “យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ សូមត្រៀមប្រវត្តិរូបសង្ខេប (CV) ដើម្បីដាក់ពាក្យស្វែងរកការងារជាមួយបណ្តាក្រុមហ៊ុនធំៗ ដែលចូលរួមក្នុងពិព័រណ៍ការងារនេះ”។ លោកបន្តថា “លើសពីនេះ ប្អូនៗក៏អាចចូលរួមដោយ មិនគិតថ្លៃនៅក្នុងវេទិកាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី “ការត្រៀមខ្លួនចូលការងារ និងសហគ្រិនភាព”ដើម្បីនឹងទទួលបានចំណេះដឹងពីវាគ្មិនល្អៗ ដែលមានបទពិសោធន៍ក្នុងទីផ្សារការងារផងដែរ”។

ពិព័រណ៍រយៈពេលពីរថ្ងៃនេះ មានក្រុមហ៊ុន សហគ្រាសធំៗចំនួនជាង ២២ ដែលបាននាំយកឱកាសការងារ គ្រប់ប្រភេទប្រមាណ៣២០០កន្លែង និងរំពឹងថា នឹងមានយុវជនរាប់ពាន់នាក់ចូលរួមទស្សនា និងដាក់ពាក្យស្វែងរកការងារធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here