ក្រុមហ៊ុនផលិតទឹកដោះគោលំដាប់ពិភពលោកមួយគ្រោងបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រុមហ៊ុន Nestlé ដែលមានមូលដ្ឋាននៅក្រុង Vevey ប្រទេសស្វីស បានបង្ហាញពីបំណងក្នុងការបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតនិងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់វិញ​។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងក្រុមហ៊ុន Nestlé Switzerland នៅប្រទេសស្វីស កាលពីពេលថ្មីៗនេះ។

ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជាក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ​។

លោក ប៉ាន សូរស័ក្តិ លើកឡើងពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងសក្ដានុពលវិនិយោគនៅកម្ពុជា ដោយថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត។

ជាក់ស្ដែង ដូចជា ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវាច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀត នៅកម្ពុជា។

លោកក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋលើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល ជាដើម។

ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here