ការចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣នឹងចាប់ផ្តើមនៅ ខែកក្កដាខាងនមុខ

ដោយៈម៉ាលីនណា

       ភ្នំពេញៈ យោងតាមច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមាបានឲ្យដឹងថា គិតចាប់ពីខែកក្កដាតទៅ ភាគីសហជីព ដែលតំណាងឲ្យកម្មករនិយោជិត និងភាគីនិយោជក (ថៅកែ) នឹងជួបប្រជុំគ្នាទៅតាមក្រុមរៀងៗខ្លួន ដើម្បីពិភាក្សាគ្នា ក្នុងការត្រៀមលើកឡើងបន្ត នៅក្នុងកិច្ចចរចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ។

លោកឡុង សុផាត ប្រធានសហព័ន្ធសហជីពសម្លេងយុវជនខ្មែរបានមានប្រសាសន៍៍ឲ្យដឹងកាលពីថ្ងៃម្សិលម៉ិញនេះថា គិតពាក់កណ្តាលឆ្នាំ២០២២នេះមើលឃើញថា និន្នាការក្នុងការកម្ម៉ង់ ឬក៏ផ្តល់នូវការកម្ម៉ង់ពីបណ្តាប្រទេសនានា មានកំណើនគួរឲ្យកត់សម្គាល់។ ក្នុងនោះអ្វីដែលលេចធ្លោមែនទែន គឺផ្នែកផលិតស្បែកជើង និងកាបូប។

លោកបានបន្តថា “ទាក់ទងការងាររបស់កម្មករ និយោជិតមើលឃើញថា ដោយសារមានកំណើនគួរឲ្យកត់សម្គាល់ ជាមួយការបញ្ជាទិញនេះ គឺការធ្វើការងារបន្ថែមម៉ោង ដែលអនុលោមទៅតាមច្បាប់ គឺបណ្តារោងចក្រ សហគ្រាសមួយចំនួនបានធ្វើការបន្ថែមម៉ោង ដើម្បីពន្លឿនផលិតផលរបស់ខ្លួនឲ្យទាន់តាមការកំណត់ តាមកម្ម៉ង់របស់អ្នកបញ្ជាទិញផងដែរ”។លោក​បន្តថា “ដូច្នេះ នៅពេលកំណើនការងារ បងប្អូនមានឱកាសធ្វើការថែមម៉ោង គឺគាត់អាចទទួលបាននូវប្រាក់ឈ្នួលច្រើនទៅតាមនឹងដូចគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុផាត បានលើកឡើងថា ទាក់ទងនឹងការខិតចូលដំណើរការជជែកអំពីប្រាក់ឈ្នួល អប្បបរមាសម្រាប់ឆ្នាំ២០២៣ខាងមុខ ជាទស្សនៈក៏ដូចជាការយល់ឃើញរបស់កម្មករ និយោជិត ដោយយោងទៅលើបរិបទជាទូទៅ ដោយសាកលនូវការរីករាលដាលជំងឺកូវីដ១៩ អញ្ចឹងអារម្មណ៍របស់កម្មករ និយោជិតឃើញថាស្ងប់ស្ងាត់ ដោយពួកគាត់បានយល់ទៅលើស្ថានភាពជាក់ស្តែងបែបនេះ។

ការឡើងប្រាក់ឈ្នួលនៅក្នុងរយៈពេល២ឆ្នាំ(២០២០ -២០២១)ត្បិតការតម្លើងក្នុងកម្រិតទាប ប៉ុន្តែគាត់អាចទទួលយកបាន ដោយ​យោងតាមស្ថានភាពកូវីដ១៩ អញ្ចឹងឆ្នាំ២០២៣យើងមើលឃើញថា ទាក់ទងការរាលដាលជំងឺ១៩ ត្បិតតែក្នុងក្របខ័ណ្ឌប្រទេសកម្ពុជាជារួមនេះ គឺមានការថយចុះ ឬមួយក៏ឈានដល់និន្នាការ នៃការលែងមានជំងឺនេះជាស្ថាបពរក្តី ប៉ុន្តែគាត់មើលទៅលើបណ្តា ប្រទេសមួយចំនួនក្នុងសកលលោក ក្នុងនោះមានចិន សហភាពអឺរ៉ុប ក៏ដូចជាបណ្តាប្រទេសមួយចំនួន ត្បិតកូវីដនៅបន្តមាន តែនៅមានការរាលដាលនៃជំងឺថ្មីមួយទៀត ដែលហៅ អុជស្វា អញ្ចឹង នេះជាការព្រួយបារម្ភថែមថ្មីទៀត សម្រាប់បណ្តាប្រទេសនៅទូទាំងសកលលោក ដែលជាប្រទេសផ្តល់នូវការបញ្ជាទិញ មកប្រទេសកម្ពុជាដើម្បីផលិត។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជា បាននិយាយថា អ្វីដែលលោកសង្កេតឃើញ ចាប់តាំងពីកូវីដ-១៩ត្រូវបានថមថយ ជាពិសេសគឺដើមឆ្នាំរហូតមកដល់នេះ គឺមើលឃើញស្ថានភាពការធ្វើការបស់បងប្អូនកម្មករតាមរោងចក្រ គឺមានការងារច្រើនជាងមុន មានការថែមម៉ោង ខណៈការបញ្ជាទិញមានចំនួនកើនឡើងដូចគ្នា។ លោកបានបន្តថា ទាំងអស់នេះ គឺសបញ្ជាក់ឲ្យឃើញថា ទាំងកម្លាំងផលិត ទាំងការផលិត គឺមានភាពល្អប្រសើរជាងមុន មានភាពរីកចម្រើនជាងមុន។

លោកបន្ថែមទៀតថា “ដោយឡែក ទាក់ទងការនាំចេញរបស់កម្ពុជា រួមទាំងការបញ្ជាទិញ គឺឃើញមានភាពល្អប្រសើរជាងឆ្នាំ២០២១ ប៉ុន្តែដែលសំខាន់ខ្ញុំគ្រាន់តែសង្ឃឹមថា ការដែលនាំចេញមានភាពល្អប្រសើរជាងមុន និងការបញ្ជាទិញច្រើនមុន ខ្ញុំគិតថាវាជាសញ្ញាល្អសម្រាប់ភាគីសហជីពក្នុងការចចារតម្លើងប្រាក់ឈ្នួលសម្រាប់ឆ្នាំក្រោយ”។

គិតចាប់ពីឆ្នាំ១៩៩៧មក ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោ​ជិតក្នុងវិស័យវាយនភណ័ណ្ឌ កាត់ដេរ សម្លៀកបំពាក់ និងផលិតស្បែកជើងបានកើនឡើងជាបន្តបន្ទាប់ ពីចំនួន៤៥ដុល្លារអាម៉េរិក រហូតដល់ចំនួន ១៩៤ដុល្លារអាមេរិក នៅក្នុងមួយខែៗ គិតត្រឹមឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here