រដ្ឋាភិបាលចិនជំរុញផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ១២០ពាន់លានដុល្លារដើម្បីជំរុញសេដ្ឋកិច្ច

ដោយៈ សុខុម

ប៉េកាំង: រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជាឱ្យបណ្ដាធនាគារគោលនយោបាយ ដែលគ្រប់គ្រងដោយរដ្ឋផ្ដល់ឥណទាន ចំនួន៨០០ពាន់លានយ័ន (១១៩,៦ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងហេដ្ឋារចនាស ម្ព័ន្ធនានា
ខណៈខ្លួនពឹងផ្អែកលើវិស័យសាងសង់ ដើម្បីជំរុញសេដ្ឋកិច្ចដែលរងការប៉ះពាល់ដោយការបិទខ្ទប់។

សេចក្តីប្រកាសដែលបានធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីចិន លោកលី ខឹឈាង ខាងលើនេះអាចជួយផ្តល់ហិរញ្ញប្បទានមួយចំណែកធំ នៃការចំណាយលើហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី០២ ខែមិថុនា។

ស្ថាប័ន Bloomberg Economics ដែលផ្ដល់សេវាស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចយ៉ាងទូលំទូលាយបានប៉ាន់ប្រមាណថា ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិន មានចំនួន២៣ទ្រីលានយ័ន (៣,៤ទ្រីលានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២១ ហើយស្ថាប័នផ្ដល់ប្រាក់កម្ចីគោលនយោបាយធំៗ ដែលបានចូលរួមចំណែក រួមមាន ទាំងធនាគារអភិវឌ្ឍន៍ចិន (China Development Bank) ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលក្រុងប៉េកាំង បានអំពាវនាវកាន់តែខ្លាំងឡើង ឱ្យពន្លឿនការអនុវត្តគោលនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច ចាប់តាំងពីទិន្នន័យផ្លូវការបានបង្ហាញថា សកម្មភាពសេដ្ឋកិច្ចចិន បានធ្លាក់ចុះក្នុងខែមេសា ហើយភាពអត់ការងារធ្វើបានកើនឡើងយ៉ាងខ្លាំង។

សូចនាករបង្ហាញថា ការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច នៅតែបន្តក្នុងខែឧសភា ដែលនាំឱ្យលោក លី ខឹឈាង ធ្វើការព្រមានកាលពីសប្តាហ៍មុនថា ការធ្លាក់ចុះនេះ អាចនឹងបន្តកើតមានទៀតនៅក្នុងឆមាសទី២។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច ដែលដឹកនាំដោយលោក Lu Ting មកពីក្រុមហ៊ុនហិរញ្ញវត្ថុជប៉ុន Nomura Holdings បានលើកឡើងថា ការជំរុញហេដ្ឋារចនាសម្ព័ន្ធនេះ នឹងជួយរដ្ឋាភិបាលក្រុងប៉េកាំង គាំទ្រការវិនិយោគ “ចំពេលតម្រូវការឥណទានទន់ធ្លាក់ចុះក្នុងវិស័យឯកជន”។

អ្នកជំនាញសេដ្ឋកិច្ចទាំងនេះ បានរក្សាការព្យាកររបស់ខ្លួនសម្រាប់កំណើនការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសចិនថា នឹងកើនឡើងប្រហែល១០%នៅឆ្នាំនេះ ហើយនិយាយថា ស្ថានភាពមិនប្រាកដប្រ​ជាទាក់ទងនឹងវិបត្តិកូវីដ-១៩ នៅតែបង្កហានិភ័យដល់សេដ្ឋកិច្ចចិន៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here