ប្រទេសជប៉ុនគ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ១,២ទ្រីលានដុល្លារអាមេរិក កាត់បន្ថយឧស្ម័នកាបូននៅ១០ឆ្នាំខាងមុខ

ដោយ៖ សុខុម

តូក្យូ: ក្រសួងឧស្សាកម្មជប៉ុន បាននិយាយកាលពីថ្ងៃសុក្រ ទី១៣ ខែឧសភា ថា វិស័យរដ្ឋ និងវិស័យឯកជននៃប្រទេសនេះនឹងត្រូវបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់សរុប១,២ទ្រីលានដុល្លារអាមេរិក លើការកាត់បន្ថយការបំភាយឧស្ម័នកាបូននៅ១០ឆ្នាំខាងមុខ ដើម្បីជួយសម្រេចគោលដៅ “អព្យាក្រឹតកាបូន” នៅត្រឹមឆ្នាំ២០៥០។

ការប៉ាន់ប្រមាណអំពីទំហំវិនិយោគនេះត្រូវបានបង្ហាញជាផ្នែកមួយ នៃរបាយការណ៍បណ្តោះអាសន្នស្តីពីយុទ្ធសាស្ត្រថាមពលស្អាតរបស់ប្រទេសជប៉ុន ដែលគេរំពឹងថានឹងឈានដល់ការសម្រេចផ្ដាច់ព្រ័ត្រនៅចុងឆ្នាំនេះ។

លោក Koichi Hagiuda រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន បានប្រាប់ក្រុមអ្នកជំនាញដែលកំពុងពិភាក្សាអំពីយុទ្ធសាស្ត្រខាងលើនេះថា “ការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបានចាប់ផ្តើមរួចហើយ ហើយអ្នកដែលធ្វើសកម្មភាពបានមុនគឺមានប្រៀបនៅក្នុងវិស័យកាត់បន្ថយការបំភាយកាបូន”។

លោកថ្លែងថា វាពិតជាសំខាន់ណាស់ដែលរដ្ឋាភិបាលគួរផ្តល់វិធានការគាំទ្រនានាដែលមិនត្រឹមតែសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យផ្សេងៗទៀតក្នុងទំហំដែលមិនធ្លាប់មានផងដែរ ដោយអនុញ្ញាតឱ្យវិស័យឯកជនធ្វើការសម្រេចចិត្តវិនិយោគដោយមើលឃើញពីអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីខែមេសា ក្រសួងដដែលនិយាយថា ប្រទេសជប៉ុន ចាំបាច់ត្រូវបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់១៣១,៤ពាន់លានដុល្លារអាមេរិក លើការកាត់បន្ថយការបំភាយឧស្ម័នកាបូនសម្រាប់ត្រឹមឆ្នាំ២០៣០ ដែលពេលនោះប្រទេសជប៉ុន មានគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួនឱ្យបានចំនួន៤៦% បើធៀបនឹងកម្រិតឆ្នាំ២០១៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here