សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរត្រូវបាន​រដ្ឋសភាអនុម័ត

ដោយ៖ សូរិយា

 

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ ស្តីពីសុវត្ថិភាពម្ហូបអាហារ បានត្រូវអង្គសភាអនុម័តក្នុងសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នាព្រឹកថ្ងៃទី១១ ខែឧសភានេះ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ មានពីរមាត្រា។ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ​ ដោយអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន១០៦សំឡេង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ មាន១១ជំពូក និង៤៣មាត្រា បានត្រូវលោក អង្គ វង្សវឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ ដោយអង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទំាងមូល មានចំនួន១០២សំឡេង។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់រៀបចំអង្គការ រយៈពេលប្រមាណ១៤ឆ្នាំកន្លងទៅនេះ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមាន ជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាច និងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធ និងប្រព័ន្ធអភិបាលកិច្ច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់ពីបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យស្របតាមការរីកចម្រើនជាតំបន់ទីក្រុងធំៗ តំបន់ទីក្រុងទីប្រជុំជនតំបន់ជនបទការផ្ទេរមុខងារ និងធនធានផ្អែកតាមចរិតលក្ខណៈ នៃរដ្ឋបាលថ្នាក់ក្រោមជាតិសមត្ថភាព របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តមុខងារនិងធនធាន ដែលបានផ្ទេរកាន់តែច្រើនឡើងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

សេចក្តីព្រាងច្បាប់ស្តីពីវិសោធន កម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណងកែសម្រួលចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្ស ក្នុងជួរគណៈអភិបាល ដែលជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថាន ភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រ នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។

 

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតី នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០នេះ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងត្រូវបានសិក្សានិង ពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយចំនួន ដែលរួមមានចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមាន។

 

សេចក្ដីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកំណត់គោលការណ៍ ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារទាំងអស់ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដា កំណត់ សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ព្រមទាំងធានាបាននូវ ប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here