ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំសេដ្ឋកិច្ចសំខាន់ៗចំនួនបីរបស់អាស៊ានក្នុងឆ្នាំ២០២២នេះ

ដោយ៖ សុផារី

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២នេះ ប្រទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃ ទទួលបានឯកសិទ្ធិធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមេដឹកនាំសំខាន់ៗចំនួនបី នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១១-១៣ វិច្ឆិកា កិច្ចប្រជុំកំពូលក្រុម G20 នៅថ្ងៃទី១៥-១៦ វិច្ឆិកា និងកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅថ្ងៃទី១៨-១៩ វិច្ឆិកា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងការបរទេសកម្ពុជា ឥណ្ឌូនេស៊ី និងថៃ នៅថ្ងៃទី៤ ឧសភានេះ បានឱ្យដឹងថា ដំណើរការអាស៊ាន G20 និង APEC មានចរិតលក្ខណៈរួមដែលផ្តល់ឱកាសមួយពិសេសសម្រាប់បណ្តាប្រទេស/សេដ្ឋកិច្ច សមាជិករួមគ្នាជំរុញរបៀបវារៈតំបន់ និងក្នុងពិភពលោក ក៏ដូចជា កិច្ចប្រឹងប្រែង ដើម្បីនាំមកនូវសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្នដល់ប្រជាជនរបស់យើងទាំងអស់ ។

ប្រភពថា កិច្ចប្រជុំក្នុងគោលដៅនេះអាស៊ានប្តេជ្ញាដោះស្រាយ បញ្ហាប្រឈមរួមដែលនៅចំពោះមុខ និងរក្សានិរន្តរភាព ថាមវន្តនៃការកសាងសហគមន៍អាស៊ាន ដោយឈរលើស្មារតីរួបរួមគ្នារឹងមាំក្រោមស្លាកបាវចនា “អាស៊ានរួមគ្នាធ្វើ ៖ ដោះស្រាយបញ្ហាប្រឈមរួមគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកាក្រុម G20 ជាមួយនឹងប្រធានបទ “ងើបឡើងវិញទាំងអស់គ្នា ងើបឡើងវិញកាន់តែរឹងមាំ” មានគោលបំណងជួយសម្រួលដល់ការងើបឡើងវិញដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្នសម្រាប់ទាំងអស់គ្នា ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា លោកប្រធានាធិបតីឥណ្ឌូនេស៊ីប្តេជ្ញាធានាថា ក្រុម G20 មានសារសំខាន់មិនមែនត្រឹមតែសម្រាប់សមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូលផងដែរ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ។

ក្រុម G20 បានកំណត់អាទិភាពលើវិស័យចំនួនបីពោល គឺ ការពង្រឹងនិម្មាបនកម្មសុខភាពសកលការផ្លាស់ប្តូរបែបឌីជីថល និងការផ្លាស់ប្តូរថាមពលក្នុងគោលដៅធ្វើយ៉ាងណាឲ្យ G20 អាចដើរតួជាកាតាលីករសម្រាប់ការងើបឡើងវិញជាសកលដ៏រឹងមាំ និងប្រកបដោយបរិយាប័ន្ន ។

ចំពោះ APEC ដែលជាវេទិកាពិសេសមានសមាសភាពជាសេដ្ឋកិច្ចជាជាងជាបណ្តារដ្ឋនៅអាស៊ីប៉ាស៊ីហ្វិក ការងារដែលកំពុងបន្តធ្វើគឺវិធីពន្លឿនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីសម្រេចបានវិបុលភាពរួមគ្នា។ មូលបទ APEC ឆ្នាំ២០២២ “បើកចំហរតភ្ជាប់តុល្យភាព” ឆ្លុះបញ្ចាំងអំពីគោលដៅ និងការប្តេជ្ញាចិត្តរួមរបស់សេដ្ឋកិច្ចនៃសមាជិកវេទិកានេះក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំសម្បើមដែលកើតចេញពីជំងឺរាតត្បាត និងជម្លោះដែល បានជះផលប៉ះពាល់អវិជ្ជមាននៅទូទាំងពិភពលោក។ មូលបទនេះមានគោលបំណងជំរុញនូវចក្ខុវិស័យសហគមន៍អាស៊ីប៉ាស៊ីហ្វិកបើកចំហស្វាហាប់ធន់ និងសន្តិភាព ។

ក្នុងនាមជាម្ចាស់ផ្ទះ ប្រទេសថៃអំពាវនាវឱ្យមាន ការសន្ទនាឡើងវិញអំពីតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិក គាំទ្រការវិលត្រឡប់ទៅកាន់ ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរលូន ហើយសង្កត់ធ្ងន់លើបរិយាប័ន្ន និងនិរន្តរភាព តាមរយៈការអនុវត្តគំរូសេដ្ឋកិច្ចជីវៈ-វិលជុំ-បៃតង ដែលជាធាតុផ្សំដ៏សំខាន់ក្នុងការជួយស្តារតំបន់ និងពិភពលោក ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានដដែលបានអះអាងថា ក្នុងនាមជាប្រធាននៃកិច្ចប្រជុំសំខាន់ៗដូចខាងលើនៅក្នុងឆ្នាំនេះយើងប្តេជ្ញាធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីធានាស្មារតីកិច្ចសហប្រតិបត្តិការ ខណៈដែលយើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍បន្តពង្រឹងភាពមជ្ឈភាពភាពជឿជាក់ និងសារៈសំខាន់របស់អាស៊ានក្នុងការរក្សាសន្តិភាព និងស្ថិរភាព នៅក្នុងរបស់យើងក៏ដូចជា កិច្ចប្រឹងប្រែងនានាក្នុងតំបន់ និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here