ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈក្រុមហ៊ុនក្នុងស្រុក World Bridge Group និងក្រុមហ៊ុនសឹង្ហបុរី YCG Group បានសហការគ្នាលើការអភិវឌ្ឍន៍មជ្ឈមណ្ឌល ភ័ស្តុភារកម្មភ្នំពេញ។
ក្រុមហ៊ុនទាំងពីរបានចុះហត្ថលេខា លើអនុស្សារណយោគយល់គ្នានៅថ្ងៃទី៣ ខែឧសភា នៅក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមវត្តមានរបស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។
កិច្ចសហការរវាងក្រុមហ៊ុនសិង្ហបុរី និងក្រុមហ៊ុនក្នុងស្រុក WBG នឹងធ្វើឱ្យចេញជារូបរាងឡើងនូវមជ្ឈមណ្ឌល ភ័ស្ដុភារកម្មរបស់កម្ពុជាទៅតភា្ជប់ប្រព័ន្ធដឹក ជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្មប្រចាំតំបន់ និងពិភពលោក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា មជ្ឈមណ្ឌលភ័ស្តុភារកម្មរាជធានីភ្នំពេញ នឹងជួយពង្រឹង ដល់ការតភ្ជាប់ប្រទេសកម្ពុជាជាមួយរំហូរពាណិជ្ជកម្ម ក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ ជាពិសេសនៅក្នុង បណ្តារប្រទេស តាមដងទន្លេមេគង្គ រួមមានប្រទេសមីយ៉ាន់ម៉ា ឡាវ កម្ពុជា ថៃ និងវៀតណាម និងតំបន់និរតីនៃ ប្រទេសចិន ប្រកបដោយភាពប្រកួត ប្រជែងទាំងពេលវេលា និងការចំណាយលើការដឹកជញ្ជូនទំនិញ។
ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញ គ្រោងចំណាយទុនក្នុងរង្វង់ជាង២០០លានដុល្លារអាមេរិក៕