ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ កម្ពុជាបាននាំចេញទំនិញសម្រេចបានទឹកប្រាក់ជាង ៥.៧ពាន់លានដុល្លារអាមេរិក កើនឡើង២៥.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
របាយការណ៍ដដែលបានបញ្ជាក់ថា ពីខែមករា ដល់ខែមីនា កម្ពុជាទទួលបានទឹកប្រាក់ ពីការនាំចេញទំនិញសំខាន់ចំនួនជាង៥៧១៦លានដុល្លារអាមេរិក កើនឡើង២៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនជាង៤ ៥៤៩លានដុល្លារ ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញ មានតម្លៃ៧៤៤៥ លានដុល្លារថយចុះ០.៩%។
ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញផលិតផល រួមមាន នាំចេញទៅសហរដ្ឋអាមេរិកមានទឹកប្រាក់ជាង២១៥០លានដុល្លារ កើនឡើង៤៣.៧%, វៀតណាមចំនួន៧៥៨លានដុល្លារ កើនឡើង៣.៩%, ថៃចំនួន៣១៨ កើនឡើង២៨%, ចិនចំនួន៣២១លានដុល្លារ និងជប៉ុនចំនួន៣០៥លានដុល្លារ។
របាយការណ៍ខាងលើបានឲ្យដឹងទៀតថា ក្នុងរយៈពេលបីខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញសំលៀកបំពាក់តម្លៃ២ ១៣៧លានដុល្លារ, ធញ្ញជាតិ៤០៤លានដុល្លារ សម្ភារៈធ្វើពីស្បែកសត្វចំនួន៤៩៥លានដុល្លារ ស្បែកជើងចំនួន៤២១លានដុល្លារ ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ៣៦៥លានដុល្លារ ផ្លែឈើ២៣៤លានដុល្លារ បន្លែចំនួន២១៩លានដុល្លារ គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ គុជខ្យង និងត្បូងមានតម្លៃចំនួន៩១លានដុល្លារកៅស៊ូចំនួន១១៧លានដុល្លាររួមនឹងផលិតផលសំខាន់ៗផ្សេងទៀត៕