សម្តេចតេជោស្នើឱ្យឡាវពិនិត្យការជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែនឱ្យកាន់តែរស់រវើក

ដោយ៖ សុផារី

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យភាគីឡាវ ពិនិត្យការជំរុញសកម្មភាព ពាណិជ្ជកម្មតាមព្រំដែន ឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រវាងប្រទេសទំាងពីរ។

សម្តេចតេជោ ហ៊ុន សែន បានស្នើដូចខាងលើនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក បួកែវ ភុំវង់សាយ (Buakeo Phumvongsay) ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ នាវិមាន សន្តិភាព ។

លោក ភុំវង់សាយ បានគោរពប្តេជ្ញា ជូនចំពោះសម្តេចតេជោ ថា ក្នុងបេសកម្មជាអ្នកការទូត នៅកម្ពុជា លោកនឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ឱ្យកើនឡើងមួយកម្រិតទៀត ឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អដែលមានស្រាប់។

សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះលោក ភុំវង់សាយ ដែលបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពឡាវនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ បានមានប្រសាសន៍ថា យើងពិតជាមានទំនាក់ទំនងពិសេស ដោយសារកត្តាប្រវត្តិសាស្រ្តបានបន្សល់ទុកឱ្យយើងបានបន្តរហូតមកដល់ពេលនេះ អនុញ្ញាតឱ្យយើងបន្តពង្រីកពង្រឹងជារៀងរហូតមក ហើយមកដល់ពេលនេះ ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ បានកើនឡើងកាន់តែខ្លាំង។

សម្តេចតេជោ បានជម្រាបលោក ភុំវង់សាយ អំពីការអនុញ្ញាតឱ្យមានជម្រើសមិនប្រើម៉ាស់នោះគឺ ខេត្ត៣នៅជាប់ព្រំប្រទល់ឡាវ មានភាពល្អប្រសើរឡើងវិញ ពីការរាតត្បាតជំងឺកូវីដ១៩។ ក្នុងន័យនេះសម្តេចតេជោ បានស្នើសុំឱ្យលោក ភុំវង់សាយ ពិនិត្យជំរុញសកម្មភាពពាណិជ្ជកម្មតាមព្រំដែន និងពិនិត្យមើល ជំរុញពាណិជ្ជកម្មតាមសក្តានុពលដទៃទៀតដែលអាចធ្វើបាន ជាពិសេសក្នុងកាលៈទេសៈកូវីដ១៩នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here