តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៥ម៉ឺនខ្នង ក្នុងមួយឆ្នាំ

     ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កំណើនប្រជាសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេសកំណើនប្រជាសាស្ត្រនៅទីប្រជុំជន និងទីក្រុងបានធ្វើឱ្យតម្រូវការលំនៅឋានមានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះតាមការព្យាករណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ឱ្យដឹងថា កំណើនលំនៅឋានក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ។

លោកលី រស្មី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ អចលនទ្រព្យប្រចាំឆ្នាំ២០២២ កាលពីល្ងាចថ្ងៃទី៧ មេសា ២០២២ឱ្យដឹងថា កំណើនប្រជាជននៅតាមទីប្រជុំជន និងទីក្រុងមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ បានធ្វើ ឱ្យតម្រូវការលំនៅឋានមានការកើនឡើងជាប្រចាំ ។

តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានកំណត់ថា ក្នុងរយៈពេល១៥ឆ្នាំ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ តម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជា មានប្រមាណ៨០ម៉ឺនលំនៅឋាន ហើយបើគិតជាមធ្យមក្នុងមួយឆ្នាំមានប្រមាណ៥ម៉ឺនទៅ៦ម៉ឺនលំនៅឋាន ។

លោកបន្តថា កំណើននៃលំនៅឋានក្នុងមួយឆ្នាំៗ ជាង៥ម៉ឺនលំនៅឋានេះ បានធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន ក្នុងប្រទេសកម្ពុជាទាំងក្នុងស្រុក និងមកពីបរទេសមានឱកាសក្នុងការអភិវឌ្ឍ ដើម្បីផ្គត់ផ្គង់បំពេញតម្រូវការរបស់ខ្លួន ហើយក៏ធ្វើឱ្យទីផ្សារលំនៅឋាន កាន់តែមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍និងការសិក្សារបស់ក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងផងដែរថា ក្នុងរយៈពេល៦ខែ ចុងក្រោយនេះ ថ្វីត្បិតតែកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែកម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋានចំនួន៣៩គម្រោង ក្នុងនោះដែររាជធានីភ្នំពេញ ចាត់ទុក​ជាតំបន់ ដែលមានការអភិវឌ្ឍលំនៅឋានច្រើនជាង និងធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការរីកទំហំកាន់តែធំឡើងៗ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានថ្លែងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅតែមានដំណើរការ ជាពិសេសតម្រូវការពីអ្នកក្នុងស្រុក ទោះបីជាកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ អស់រយៈពេលជាង២ឆ្នាំមកហើយក្ដី។

លោកបន្តថា “តម្រូវការលំនៅឋានពីអ្នកក្នុងស្រុក បានធ្វើឱ្យមានការអភិវឌ្ឍន៍គម្រោងលំនៅឋានថ្មីៗជាបន្តបន្ទាប់ ដែលធ្វើឱ្យវិស័យនេះនៅតែបន្តសកម្មភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here