រដ្ឋាភិបាលជំរុញការនាំចេញផលិតផលកសិកម្ម១០មុខទៅកាន់ទីផ្សារប្រទេសដៃគូពាណិជ្ជកម្មសេរី

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាជាមួយប្រទេសជាដៃគូ រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP) បានចូលជាធរមានកាលពីដើមខែមករា ឆ្នាំ២០២២ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េ កំពុងពិនិត្យនិងចូលជាធរមាននៅពេលឆាប់ៗខាងមុខនេះដែរ។

ជាក់ស្តែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កិច្ចព្រមព្រាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ( RCEP ) បានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកកសិផលសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញរួមមាន ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។

នៅក្នុងសិក្ខាសាលាមួយស្ដីពីការលើកកម្ពស់ផលិតផលខ្មែរ កាលពីថ្ងៃទី៧ ខែមេសានេះ លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីលើកកម្ពស់ផលិតផលខ្មែរឱ្យអាចនាំចេញទៅក្រៅប្រទេសបាន ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងត្រូវចំណាយពេលសិក្សាស្វែងយល់លើការងារសំខាន់ៗជាច្រើន។ ការងារទាំងនោះមានដូចជា ការអភិវឌ្ឍផលិតផលខ្មែរឱ្យស្របតាមស្តងដា កិច្ចសម្រួលពាណិជ្ជកម្ម ការចរចាបើកទីផ្សារ នីតិវិធីនាំផលិតផលខ្មែរចូលទីផ្សារជាដើម។

លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ការរស់នៅក្នុងកាលៈទេសៈកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ជាមួយនឹងទស្សនៈវិស័យនៃការចាកចេញពីវិបត្តិកូវីដ-១៩ ក្នុងភាពរឹងមាំ និងការវិលត្រឡប់ទៅរកមាគ៌ានៃកំណើន និងអភិវឌ្ឍន៍ប្រកបដោយចីរភាពឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ បាននិងកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសនានានៅលើពិភពលោក តាមរយៈការចរចាដើម្បីដោះស្រាយបញ្ហារបាំងពន្ធគយ និងមិនមែនពន្ធគយ ធ្វើយ៉ាងណាឱ្យទំនិញកម្ពុជាអាចនាំចេញទៅក្រៅប្រទេសបានដោយជោគជ័យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយករងក៏បានស្នើដល់ផលិតករ សិប្បករ សមាគមន៍ អាជីវករ ពាណិជ្ជករ សហគ្រិន ដែលជាប្រតិបត្តិករផ្ទាល់ត្រូវខិតខំអភិវឌ្ឍន៍សមត្ថភាពការដាំដុះ ការចិញ្ចឹម ការផលិត ការកែច្នៃ ការវេចខ្ចប់ផលិតផលឱ្យមានគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ស្របតាមស្តង់ដា និងត្រូវដាក់ឈ្មោះម៉ាក/យីហោ ឱ្យបានត្រឹមត្រូវថ្ងៃខែឆ្នាំផលិត ថ្ងៃខែឆ្នាំផុតកំណត់ បិទស្លាកតម្លៃ លេខបារកូដផលិតផលជាដើម ដើម្បីងាយស្រួលក្នុងការនាំចេញ។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានលើកឡើងកាលពីពេលថ្មីៗកន្លងទៅថា ដើម្បីជួយជំរុញដល់ការនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិក៏ដូចជា ទៅកាន់អ្នកប្រើប្រាស់ក្នុងស្រុកឱ្យបានកាន់តែច្រើន ក្រសួងបានរិះរកមធ្យោបាយនានា ហើយថ្មីៗនេះក៏បានដាក់ឱ្យដំណើរការនូវផ្សារអេឡិចត្រូនិក Cambodia Trade ដែលផ្សារនេះ អាចជំរុញដល់ការនាំចេញទៅកាន់ទីផ្សារបរទេសនិងអ្នកប្រើប្រាស់ក្នុងស្រុកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here