ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បាននិងកំពុងបង្កើននិងផ្តល់អាទិភាពឲ្យបានជាអតិបរមា លើការពង្រីកការប្រើប្រាស់ថាមពលស្អាត ជាពិសេសថាមពលកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលនាពេលអនាគត ដើម្បីឲ្យស្របតាមផែនការកំណត់ដោយរាជរដ្ឋាភិបាល។
ក្រោយចប់វេទិកាថាមពលកម្ពុជា ស្ដីពី “ការរៀបចំប្រព័ន្ធថាមពលកម្ពុជាសម្រាប់ពេលអនាគត”- Cambodia Energy Forum: Designing the Future of Cambodia’s Power System ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគោលនយោបាយពាក់ព័ន្ធពីក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា តំណាងស្ថាប័នរដ្ឋាភិបាល តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ បានឲ្យដឹងក្នុងបណ្តាញសង្គមថា ការប្តេជ្ញាខាងលើនេះ វិធីសាស្ត្រខាងលើនេះ គឺស្របទៅតាមក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលបានកំណត់ដោយរាជរដ្ឋាភិបាល ដែលរួមមាន សសរស្តម្ភចំនួន៣ គឺការងើបឡើងវិញ កំណែទម្រង់ និងភាពធន់។
ការរៀបចំវេទិកាក្នុងពេលនេះ ប្រភពដដែលបានលើកឡើងថា គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងមួយ ដែលរៀបចំឡើងដោយក្រសួងរ៉ែ និងថាមពល ក្នុងនាមជាប្រធាននៃកិច្ចប្រជុំ ថាមពលអាស៊ានឆ្នាំ២០២២ ក្រោមកិច្ចគាំទ្រនិងសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
វេទិកានេះ នឹងធ្វើការពិភាក្សាជាចម្បង លើវិស័យថាមពលកម្ពុជា បន្ទាប់មកទៀត យើងនឹងមានការសន្ទនាថ្នាក់តំបន់ លើបញ្ហាអន្តរកាលវិស័យថាមពល នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រសួងរ៉ែនិងថាមពល បាននិងកំពុងរៀបចំផែនការមេ អភិវឌ្ឍវិស័យថាមពល ដែលជាផែនការពេញលេញ សម្រាប់រយៈពេលវែង (២០២១-២០៤០) ដែលមានគោលបំណងធ្វើការសិក្សា វាយតម្លៃ អំពីសេណារីយ៉ូនៃកំណើនតម្រូវការ, ជម្រើសផ្សេងៗនៃការអភិវឌ្ឍប្រភពអគ្គិសនី និងការសិក្សាស្វែងយល់អំពីតម្រូវការ ក្នុងការពង្រីកបណ្តាញបញ្ជូន និងបណ្តាញចែកចាយ។
គោលការណ៍ដែលជាមូលដ្ឋាន ដឹកនាំដំណើរការរៀបចំផែនការមេនេះ គឺដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ទាំងអស់ នូវថាមពលអគ្គិសនីមួយ ដែលមានថ្លៃសមរម្យ មានស្ថេរភាព និងអាចទុកចិត្តបាន ទន្ទឹមនឹងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនី និងប្រសិទ្ធភាពនៃការប្រើប្រាស់អគ្គិសនីក្នុងគ្រប់វិស័យ៕