ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៣១មុខត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន

ដោយៈសុផារី

ភ្នំពេញៈ គិតរហូតមកដល់ពេលនេះ ផលិតផលកសិកម្មរបស់កម្ពុជាចំនួន៣១មុខហើយ ត្រូវបាននាំចេញពីទីផ្សារកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ទំនិញកសិកម្មកម្ពុជាបាននាំចេញទៅប្រទេសចិនកាលពីឆ្នាំ២០២១ កន្លងមកមានចំនួនជាង៨៣ម៉ឺនតោន។

នេះបើតាមការបញ្ជាក់របស់លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន” នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

លោកងិន ឆាយ បានលើកឡើងថា កសិផលដែលបាននាំចេ​ញនោះជាប្រភេទកសិផល នៅក្នុងទំនិញមិនជាប់កម្រិតកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា ”ការនាំគ្រាប់ស្វាយចន្ទីចេញកន្ល​ងទៅមិនចាំបាច់ចរចាបើកទីផ្សារ ឬកំណត់ភូតគាមអនាម័យទេ។ គ្រាន់តែកម្ពុជាចេញលិខិតបញ្ជាក់វាយ តម្លៃប្រាប់ទៅចិនថា មិនមានសមាសធាតុចង្រៃ ដែលជាភូតគាមអនាម័យ ហើយផលិតផលដែលផលិតបាននេះមានសុវត្ថិភាព និងបំពេញបាននូវភូតគាមអនាម័យ ដែលមានចែងនៅក្នុងស្តង់ដារភូតគាមអនាម័យអន្តរជាតិ”។

លោកងិន ឆាយបានលើកឡើងផងដែរ ទាក់ទងនឹងការនាំចេញផ្លែស្វាយរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ដែលនាពេលថ្មីៗនេះ កម្ពុជាបានចរចាបំពេញបាននូវភូតគាមអនាម័យ ប៉ុន្តែកម្ពុជាមិនអាចប្រកួតប្រជែង ជាមួយទីផ្សារស្វាយរបស់ប្រទេសផ្សេងៗដូចជា ថៃ វៀតណាម ឥណ្ឌា ជាដើម។ នេះជាកត្តាដែលបណ្តាលឱ្យកម្ពុជាមានការលំបាក ក្នុងការនាំចេញស្វាយស្រស់របស់ខ្លួន។

លោកបញ្ជាក់ថា ផលិតឱ្យមានគុណភាពនិងស្តង់ដារ តម្លៃដើមទាប និងការដឹកជញ្ជូន ប្រកបដោយភាពប្រកួតប្រជែង ទើបកម្ពុជាអាចនាំផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here