ដោយៈ សុផារី
ភ្នំពេញៈ រដ្ឋមន្ត្រីសេដ្ឋកិច្ច និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានពិភាក្សាជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ក្នុងគោលបំណងជំរុញឱ្យកំណើនសេដ្ឋកិច្ចអាស៊ាន ក្នុងអត្រា៥%-៦% ដែលធ្វើឱ្យអាស៊ានក្លាយជាតំបន់ ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ក្នុងពិភពលោកត្រឹមឆ្នាំ២០៣០ និងការកាត់បន្ថយគំលាតសេដ្ឋកិច្ចប្រទេសសមាជិកអាស៊ាន។
កិច្ចពិភាក្សាខាងលើមានការចូលរួមពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងមានការចូលរួមពី រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំង១០ប្រទេស មន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីសមាជិកក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងតំណាងពីស្ថាប័នពាក់ព័ន្ធ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានស្នើដល់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជួយជំរុញកិច្ចសម្រួលពាណិជ្ជកម្ម ការតភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ការស្តារសេដ្ឋកិច្ចឡើងវិញ ប្រកបដោយចីរភាព និងមិនប៉ះពាល់បរិស្ថាន និងការជំរុញសច្ចាប័នដោយប្រទេសសមាជិក អាស៊ានទាំង១០ទៅលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក៏ដូចជាការធ្វើកំណែទម្រង់ដ៏មានសារៈសំខាន់ផ្សេងៗទៀត។
អ្នកឧកញ៉ាបានគូសបញ្ជាក់ថា “វិស័យឯកជន និងវិស័យសាធារណៈ នឹងសហការគ្នាយ៉ាងជិតស្និទ្ធ រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយបញ្ហាប្រឈម ដើម្បីឆ្ពោះទៅរកបំណងប្រាថ្នារួមរបស់អាស៊ាន”។
អ្នកឧកញ៉ា បានបញ្ជាក់អំពីទិសដៅអាទិភាព និងកម្មវិធីចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងការចូលរួមសម្រេចឲ្យបាននូវគោលដៅអាទិភាពសេដ្ឋកិច្ច រួមសម្រាប់ឆ្នាំ២០២២នេះ ដែលក្នុងនោះក៏មានការចូលរួមគាំទ្រ ពីក្រុមប្រឹក្សាធុរកិច្ចចម្រុះផងដែរ ទាំងផ្នែកបច្ចេកទេសនិងប្រឹក្សាយោបល់។
សមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ានទាំង១០ប្រទេស បានធ្វើបទអន្តរាគមន៍ និងរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ និងសំណូមពរផ្សេងៗរបស់វិស័យជន រួមមាន ការៀបចំកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន និងកម្មវិធីកិច្ចប្រជុំកំពូលធុរកិច្ចវិនិយោគអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បច្ចុប្បន្នភាពនៃការអនុវត្តគម្រោង ASEAN Digital Gateway and Travel Wallet Digital Trade Connect H.I.R.E.D Smart Growth Connect របាយការណ៍អនុសាសន៍ អំពីឧស្សាហកម្មទេសចរណ៍អាស៊ាន ការលើកកម្ពស់សហគ្រាសមីក្រូ សហគ្រាសធុនតូចនិងមធ្យម របាយការណ៍ក្រុមការងារសេដ្ឋកិច្ចចីរភាពនិងមិនប៉ះពាល់បរិស្ថាន របាយការណ៍អនុសាសន៍អំពីវិធានការមិនមែនពន្ធគយ និងរបាំងមិនមែនពន្ធគយ ក៏ដូចជាបញ្ហាប្រឈមពាក់ព័ន្ធនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងស្ថានភាពធុរកិច្ចមីយ៉ានម៉ា៕