ទីផ្សារនាំចេញត្រចៀកកាំនឹងល្អច្រើនជាងមុន ខណៈរដ្ឋទទួលស្គាល់ផ្លូវការពីការបង្កើតសមាគម

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ បន្ទាប់ពីទទួលស្គាល់ផ្លូវការ របស់រាជរដ្ឋាភិបាលក្នុងការបង្កើតសមាគមត្រចៀកកាំខ្មែរ កាលពីដើមខែមីនានេះ អ្នកតំណាងឲ្យអ្នកចិញ្ចឹមសត្វត្រចៀកកាំ បានបង្ហាញក្តីសង្ឃឹមថា នឹងជំរុញការនាំចេញឲ្យកាន់តែល្អប្រសើរ ថែមទៀត ជាពិសេសទៅប្រទេសចិន។

លោកស៊ុយ កុកធាន តំណាងអ្នកចិញ្ចឹមសត្វត្រចៀកកាំបានមានប្រ​សាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ថា ការបង្កើតសមាគមត្រចៀកកាំនេះឡើង ដោយសារមូលហេតុចម្បងៗមួយចំនួន ដូចជា ទី១.គឺយើងត្រូវការជួយជ្រោមជ្រែងកសិករ ដែលចិញ្ចឹមត្រចៀកកាំនៅខ្មែរយើងឲ្យបានទូលំទូលាយ យើងឃើញថាយើងទើបចាប់ផ្តើម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ គោលបំណងរបស់យើងគឺលើកស្ទួយ និងជួយជំរុញផ្នែកបច្ចេកទេសឲ្យបានខ្ពស់ មានន័យថាយើងចិញ្ចឹមឲ្យបានជោគជ័យ។

ទី២ យើងស្វែងរកទីផ្សារសម្រាប់ប្រជាកសិករ បើកាលណាយើងផលិតបានហើយ អត់ទីផ្សារនោះក៏មិនល្អដែរ អញ្ចឹងសមាគមយើងដើរតួនាទីសំខាន់ក្នុងការស្វែងរកដៃគូខាងក្រៅ ឲ្យចូលមកវិនិយោគ ក្នុងការកែច្នៃ ក្នុងការនាំចេញសំបុកត្រចៀកកាំខ្មែរ លើទីផ្សារអន្តរជាតិ ជាពិសេសចាប់តាំងពីកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលនឹងចូលជាធរមានក្នុងពេលឆាប់ៗខាងមុខ ហើយសំបុកត្រចៀកកាំ ក៏ជាទំនិញអទិភាពមួយ ដែលប្រមុខរាជរដ្ឋាភិបាល បានស្នើសុំដាក់នៅក្នុងកិច្ចព្រមព្រៀងនេះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ុយ កុកធានបានបន្តថា សមាគមនឹងអាចធ្វើការទូលំទូលាយបានច្រើនជាង ថែមទាំងផ្តល់ជំនឿដល់ប្រជាកសិករ មានន័យថា ការបង្កើតសមាគម មិនមែនបម្រើផលប្រយោជន៍ ឲ្យបុគ្គលណាមួយនោះទេ គឺយើងជំរុញឲ្យមានការផ្សព្វផ្សាយ បច្ចេកទេសទូទៅ ក្នុងការថែទាំឲ្យបានលទ្ធផលល្អ ហើយធ្វើយ៉ាងណាយើងផលិតសំបុក ឲ្យក្លាយជាសំបុកស្តង់ដារ ព្រោះការសិក្សាថ្មីៗនេះ នៅអាស៊ីប៉ាស៊ីហ្វិក គឺគេរកឃើញថាសំបុកត្រចៀកកាំនៅស្រុកខ្មែរ យើងគឺមានគុណភាពល្អជាងគេ។

លោកបន្តថា សំបុកត្រចៀកកាំកម្ពុជាល្អជាងគេ ព្រោះមិនមានការបំពុលបរិស្ថាន ឬបំពុលបរិយាកាសធ្ងន់ធ្ងរ ដូចបណ្តាប្រទេសដទៃ”។លោក​បន្តថា “យើងនឹងជំរុញឲ្យបានកាន់តែខ្ពស់ឡើងថែមទៀត ព្រោះការយល់ដឹងរបស់ប្រជាកសិករយើងនៅមានកម្រិត”។

តាមការស្រាវជ្រាវកន្លងមកបានបង្ហាញថា ក្នុង១ឆ្នាំៗប្រទេសចិនមានតម្រូវការផលិតផល សម្បុកត្រចៀកកាំរាប់ពាន់តោន។ បច្ចុប្បន្នសំបុកត្រចៀកកាំនៅកម្ពុជា មិនទាន់សម្អាត គិតជាមធ្យមមានតម្លៃចន្លោះពី៦៥០ទៅ៧០០ដុល្លារ ក្នុង១គីឡូក្រាម និងសម្អាតហើយមានតម្លៃចន្លោះពី១ ៦០០ទៅជាង២០០០ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here