ដោយៈសុខុម
មូស្គូ: ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ ថា ខ្លួននឹងហាមឃាត់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍មកពី៣៦ប្រទេស រួមទាំងអង់គ្លេស និងអាល្លឺម៉ង់ ផងដែរ មិនឱ្យហោះហើរឆ្លងកាត់ ដែនអាកាសរបស់ខ្លួនជាដាច់ខាត ដើម្បីឆ្លើយតបទៅនឹងបម្រាមយ៉ាងច្រើន ដាក់មកលើយន្តហោះរបស់ខ្លួន ដោយសារការឈ្លានពានចូលប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងមូស្គូ នេះបានធ្វើឡើង នៅពេលបណ្ដាក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី នៅពេលនេះមិនអាចហោះហើរឆ្លងកាត់ ដែនអាកាសនៃប្រទេសអឺរ៉ុប ភាគច្រើនព្រមទាំងប្រទេសកាណាដាផងដែរ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់រុស្ស៊ីបាននិយាយថា ខ្លួននឹងធ្វើការរឹតបន្តឹងដែនអាកាសរបស់ខ្លួន “ជាការសងសឹកចំពោះបណ្ដាប្រទេសនៅអឺរ៉ុប ដែលបានហាមឃាត់ជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលរុស្ស៊ី ឬក្រុមហ៊ុនអាកាសចរណ៍ ដែលចុះបញ្ជីនៅប្រទេសរុស្ស៊ី”។
ក្រុមហ៊ុនអាកាសចរណ៍ ដែលអាចចូលដែនអាកាសរុស្ស៊ី បាន លុះត្រាតែមានលិខិតអនុញ្ញាតពិសេស។
កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានហាមឃាត់បណ្ដាក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស បន្ទាប់ពីអង់គ្លេស បានហាមឃាត់ក្រុមហ៊ុន Aeroflot ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីរបស់រុស្ស៊ី ព្រមទាំងយន្តហោះឯកជនរុស្ស៊ីផងដែរ។
សហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃអាទិត្យ ទី២៧ កុម្ភៈ ខ្លួននឹងបិទដែនអាកាសរបស់ខ្លួន ចំពោះយន្តហោះរុស្ស៊ី រួមទាំងយន្តហោះឯកជនរុស្ស៊ីផងដែរ។
វិធានការទាំងនេះ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍នានា បង្ខំចិត្តហោះហើរផ្លូវវាងឆ្ងាយ ដែលអាចនឹងធ្វើឱ្យតម្លៃសំបុត្រយន្តឡើងថ្លៃទៅតាមនោះដែរ៕ Reuters៕