រុស្ស៊ីជាប់ចំណាត់ថ្នាក់លេខ៣ ដែលមានទេសចរមកកាន់ខេត្តព្រះសីហនុច្រើនជាងគេ

ដោយ: ម៉ាលីស

ព្រះសីហនុ: ស្របពេលប្រទេសរុស្ស៊ី កំពុងធ្វើសង្រ្គាមនៅអ៊ុយ ក្រែន ដំណឹងល្អមួយគឺ ប្រជាជនរុស្ស៊ី ជាអ្នកទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ មកទស្សនា ខេត្តព្រះសីហនុច្រើនជាងគេ។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងលោកនិង គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី កាលពីរសៀលថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកអភិបាលខេត្តបានបញ្ជាក់ថា ទេសចររុស្ស៊ីមកកាន់ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ក្រោយពីកូវីដ-១៩មានភាពធូរស្រាល សូមលោកជួយជំរុញទេសចរណ៍រុស្ស៊ី មកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានមតិស្វាគមន៍ និងជម្រាបជូន លោក Alexey Chepa ពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះ បានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន សង្ឃឹមថាលោក Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចររុស្ស៊ី និងអ្នកវិនិយោគរុស្ស៊ីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ កាន់តែច្រើននាពេលខាងមុខ។

កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើន សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជា នៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។

រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាល នៅប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឯកឧត្តមជួយជំរុញទំនាក់ទំនងពាណិជ្ជកម្ម មកកាន់កម្ពុជាបន្តទៀត។

លោក Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី បានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការីដែលបានអនុញ្ញាត ឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ ឱ្យកាន់តែល្អថែមទៀត។

លោក Alexey Chepa បានកោតសរសើរ ដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្ត ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។

លោកបន្តថា កាលពីលោក មកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគម ន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។

លោកសង្ឃឹមថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។ ទន្ទឹមនោះលោក ក៏បានគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។

លោកបានបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ី មកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here