កម្ពុជា-អ៊ីរ៉ង់គ្រោងចុះហត្ថលេខាលើអនុស្សរណៈលើវិស័យចំនួន២និងជំរុញការហោះហើរត្រង់

ដោយ: ម៉ាលីស

ភ្នំពេញៈ ភាគីកម្ពុជា និងអ៊ីរ៉ង់បានលើកពិភាក្សាគ្នា លើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រលើវិស័យកីឡាកម្ពុជា ពីសំណាក់ភាគីអ៉ីរ៉ង់ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមឆ្នាំ២០២៣ ដែលភាគីទាំងពីរនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខានាពេលខាងមុខនេះ។

ការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោកAli Akbar Nazari ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ នៅទីស្ដីការក្រសួងទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឯកអគ្គរដ្ឋទូត បានសន្យាជួយផ្សព្វផ្សាយ ពីវិស័យទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនអ៊ីរ៉ង់ ឱ្យមកទស្សនានៅកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍ចម្បង។

លោកថោង ខុន បានជម្រាបជូនថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាក់ទាញភ្ញៀវទេសចរមូស្លីម តាមរយៈការដាក់ចុះនូវយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមូស្លីម ដែលក្នុងនោះ ក៏នឹងជំរុញឱ្យមានការវិនិយោគ ក៏ដូចជាទេសចរមកកម្ពុជា។

លោករដ្ឋមន្ត្រីបានស្នើដល់ភាគីអ៊ីរ៉ង់ ឱ្យជួយសិក្សាលើកាតតភ្ជាប់ជើងហោះហើរត្រង់ នាពេលខាងមុខនេះ ខណៈភាគីទាំងបានពិនិត្យលើលទ្ធភាពជាជំហានលើការហោះហើរ ជាលក្ខណៈត្រីកោណពីអ៉ីរ៉ង់ចូលមកប្រ​ទេសថៃ ឬប្រទេសម៉ាឡេស៉ី និងបន្តមកកម្ពុជា។ នឹងពិភាក្សាលម្អិតនៅពេលក្រោយ។

លោក អាលី អាក់បារ ណាហ្សារី ក៏បានឯកភាពជាមួយភាគីកម្ពុជាលើការចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ដោយកម្ពុជាជាអ្នកផ្ដួចផ្ដើម និងបានស្នើទៅកាន់ភាគីអ៊ីរ៉ង់កន្លងមករួចហើយ។ ភាគីទាំងពីរនឹងរៀបចំឱ្យមានកិច្ចចុះហត្ថលេខា លើអនុស្សរណៈលើវិស័យទេសចរណ៍ និងទន្ទឹមគ្នានោះក៏មានការចុះអនុស្សរណៈលើវិស័យកីឡាផងដែរ។

លោកឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានអញ្ជើញលោករដ្ឋមន្ត្រី ថោង ខុន ទៅទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ដែរ ដើម្បីចុះហត្ថលេខាលើអនុស្សរណៈ នៃវិស័យទេសចរណ៍ខាងលើនេះ។

ពាក់ព័ន្ធនឹងវិស័យកីឡា អ៊ីរ៉ង់ក៏បានសន្យានឹងជួយផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍កីឡាស៉ីហ្គេមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ និងផ្ដល់បទពិ​សោ​ធន៍ជួយគាំទ្រ ដល់ការបណ្ដុះបណ្ដាលផ្សេងៗលើវិស័យកីឡា៕

LEAVE A REPLY

Please enter your comment!
Please enter your name here