ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានអះអាងថា សេដ្ឋកិច្ចកម្ពុជានឹងមានកំនើនល្អប្រសើរ ស្របពេលការព្យាករណ៍របស់រដ្ឋាភិបាល បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជឆ្នាំនេះនឹងសម្រេចបានកំនើន៥,៦ភាគរយ។
លោកឈាង វណ្ណារិទ្ឋប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះរំពឹងថា សម្រេចបានក្នុងអត្រា៥,៦ភាគរយ ដែលគាំទ្រដោយការកើនឡើងនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ គួបផ្សំនិងការដាក់ចេញឲ្យអនុវត្តក្រមខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣។
ការងើបឡើងវិញពីនូវស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។
លោកបន្តថា ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ ដូចជា ទី១ ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម(ដំណាំ) ជាដើម។ ទី២ ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុកឲ្យត្រឡប់ទៅប្រក្រតីភាពវិញ។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ការងើបឡើងវិញនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ក្នុងប្រទេស បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងរាំងស្ទះការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន។
យោងតាមរបាយការណ៍ជំនួយស្មារតីមួយ របស់ធនាគារពិភពលោក បានចេញផ្សាយកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ ១៩ ប៉ុន្តែប្រទេសនេះ អាចស្តារសេដ្ឋកិច្ច ឲ្យមានកំណើនទៀងទាត់ឡើងវិញបាន តាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ ការពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានា ឈានទៅជំរុញការវិនិយោគក្នុងស្រុក៕