លោកឆាយ ថនៈ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ៧៤៣​,៥៣២នៅទូទាំងប្រទេស

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ របាយការណ៍លទ្ធផលបឋមស្តីពី ការស្រង់បញ្ជីអង្គភាពសេដ្ឋកិច្ច នៅតាមរាជធានីខេត្ត ទាំង២៥បានឱ្យដឹងថា មានចំនួនអង្គភាពសេដ្ឋកិច្ចសរុប៧៤៣,៥៣២ ទីតាំងមូលដ្ឋាននៅឆ្នាំ២០២១ ក្នុងទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តីឆាយ ថនរដ្ឋមន្រ្តីក្រសួងផែនការបានមានប្រសា​សន៍ឲ្យដឹង ក្នុងកិច្ចប្រជុំជាមួយមន្រ្តីគណកម្មការជំរឿនសេដ្ឋកិច្ច កាលពីដើមសប្តាហ៍នេះថា ចំនួនអង្គភាពសេដ្ឋកិច្ច បានកើនទ្បើងប្រមាណ៤៧% បើធៀបនឹងឆ្នាំ២០១១ (ជំរឿនសហគ្រាសឆ្នាំ២០១១) ហើយបានកើនទ្បើងប្រមាណ៤៥% បើធៀបនឹងឆ្នាំ២០១៤ (ទិន្នន័យអង្កេតចន្លោះជំរឿនសហគ្រាសឆ្នាំ២០១៤)។

លោកបន្តថា “លទ្ធផលបឋមនេះ បានបង្ហាញឱ្យឃើញអំពីការប្រែប្រួលរចនាសម្ព័ន្ធកំណើនប្រជាជន និងភូមិសាស្រ្តរដ្ឋបាលគ្រប់គ្រងនៅថ្នាក់មូលដ្ឋាន (ភូមិ ឃុំ/សង្កាត់) នៅតាមរាជធានី ខេត្ត ដែលមានចំនួនប្រជាជនសរុបបានកើនទ្បើងដល់ជិត១៦លាននាក់ និងមានគ្រួសារសរុបប្រមាណ៣,៦លានគ្រួសារ នៅឆ្នាំ២០១៩”។

លោកឆាយ ថនបានបន្តថា ទន្ទឹមនឹងការកើនទ្បើងប្រជាសាស្រ្តនោះ ប្រទេសកម្ពុជាបច្ចុប្បន្ន មានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើនផងដែរ កន្លងមកនៅមុនពេលការរីករាលដាលនៃជំងឺកូវីដ-១៩ សេដ្ឋកិច្ចកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចសម្រេចបានជាមធ្យម៧% ដោយការធ្វើសមាហរណកម្ម និងពិពិធកម្មសេដ្ឋកិច្ចទៅក្នុងតំបន់ និងពិភពលោក។ លើសពីនេះ កម្ពុជានឹងឈានទៅសម្រេចគោលដៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ទោះជាយ៉ាងនេះក្តី កម្ពុជាយើងក៏បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច មានការថមថយមកវិញពីឆ្នាំ២០២០-២០២១ផងដែរ ដែលជាហេតុនាំឱ្យប្រជាជនប្រមាណ១៧,៨% នៃប្រជាជនសរុបបានរស់ក្រោមខ្សែបន្ទាត់ភាពក្រីក្រ ក្នុងនោះរួមមាន៖ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញមាន៤,២% តំបន់ទីប្រជុំជនផ្សេងៗទៀតមាន១២,៦% និងតំបន់ជនបទមាន២២,៨%៕

LEAVE A REPLY

Please enter your comment!
Please enter your name here