កិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួនបីនឹងបង្កើនលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគកាន់តែច្រើនមកកម្ពុជា

ដោយៈជេស៊ីកា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួនបី ដែលបាននិងកំពុងត្រៀម ចូលជាធរមាននាពេលខាងមុខ នឹងធ្វើឲ្យកើនឡើងនូវលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែមទៀតពីអន្តរជាតិ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗទាំងបីនោះ រួមមាន ទី១ កិច្ចព្រមព្រៀមពាណិជ្ជកម្មសេរីកម្ពុជា ចិន ដែលបានចូលជាធរមាននៅថ្ងៃទី១ មករាកន្លងមកនេះ ទី២ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា កូរ៉េ ទី៣ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្រិតតំបន់ (RCEP) ដែ​លមានប្រទេស១៥ជាសមាជិក និងជាប្លុកមានប្រជាជនជាង២០០០លាននាក់ មានទំហំពាណណិជ្ជកម្មស្នើនឹង៣០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីចុងសប្តាហ៍មុនបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗទាំងនេះ នឹងជួយធ្វើឲ្យលំហូរពាណិជ្ជកម្មកម្ពុជា ទៅកាន់ប្រទេសចិន កូរ៉េ និងបណ្តាប្រទេសក្នុងតំបន់ កាន់តែរីកចម្រើនថែមទៀត ពិសេសកម្ពុជា នឹងទាក់ទាញបានការវិនិយោគ កាន់តែច្រើនពីអន្តរជាតិ ដោយពួកគេនឹងយកកម្ពុជាជាមូលដ្ឋានផលិត ដើម្បីនាំចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងប្រទេសជាច្រើនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “កម្ពុជានឹងក្លាយជាមូលដ្ឋានផលិត និងស្តុកទំនិញចិនសម្រាប់ចែកចាយ ទៅកាន់បណ្តាប្រទេសក្នុងតំបន់ នាពេលខាងមុខនេះ ប្រសិនជាយើងរៀបចំបានល្អ លើគោលនយោបាយ ភស្តុភារកម្ម និងនិតិវិធីនាំចេញកាន់តែល្អប្រសើរ”។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មកំពុងធ្វើការងារយ៉ាងសកម្ម ដើម្បីចចារបើកកិច្ចព្រមព្រៀងពា​ណិ​ជ្ជកម្មសេរិ ជាមួយបណ្តាប្រទេសជាមិត្តជាច្រើនទៀត រួមមាន ប្រទេសជប៉ុន ឥណ្ឌា រុស្ស៊ី ប្រទេសអារ៉ាប់អេមីរ៉ាត និងបណ្តាប្រទេសជាច្រើនទៀត។

លោកបន្តថា “កាលានុវត្តន៍ពាណិជ្ជកម្មកម្ពុជា នឹងមានភាពកាន់តែ​ប្រសើរឡើងនាពេលខាងមុខ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើនលឿនបន្ថែមទៀតនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here