ដោយៈ សុផារី
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ការខាតបង់ថវិកា ដោយសារគ្រោះចរាចរណ៍ បានកើនឡើងពី ៤២០លានដល់ ៤៥០លានដុល្លារក្នុង១ឆ្នាំ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ ដែលប្រើប្រាស់ទោចក្រយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី២ កុម្ភៈនេះ លោកទេសរដ្ឋមន្ត្រីបានបន្តថា តាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNDP គ្រោះថ្នាក់ចរាចរណ៍បានបណ្តាល ឱ្យកម្ពុជាខាតបង់ថវិកាកើនឡើងជាបន្តបន្ទាប់ ពោលគឺប្រមាណពី៤២០លានដុល្លារដល់ ៤៥០លានដុល្លារក្នុង១ឆ្នាំ។
លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា ថវិកាទាំងនោះ ត្រូវបានចំណាយលើការស្លាប់ ចំណាយលើមន្ទីរពេទ្យ និងការខូតខាតទ្រព្យសម្បត្តិឯកជនសាធារណៈរបស់រដ្ឋផ្សេងៗជាដើម។ លោកបន្ថែមថា បច្ចុប្បន្ននេះ ជាមធ្យមអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុង១ថ្ងៃមានប្រមាណ៥នាក់។
ប៉ុន្តែបន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញ ដោយសារស្ថានភាពជំងឺកូវីដបានធូរស្រាល ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងដល់៦នាក់ ច្រើនជាងការស្លាប់ ដោយសារជំងឺកូវីដ១៩ទៅទៀត ដែលរយៈពេល២៨ថ្ងៃនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។
លោកទេសរដ្ឋមន្ត្រីបានអំពាវនាវ ដល់អ្នកប្រើប្រើផ្លូវទាំងអស់ ទាំងអ្នកបើកបរម៉ូតូ និងរថយន្តត្រូវគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន យល់ពីច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ចំណែកក្រុមហ៊ុនដឹកជញ្ជូនត្រូវមានកម្មវិធីបណ្តុះបណ្តាល ដល់បុគ្គលិករបស់ខ្លួនពីច្បាប់ចរាចរណ៍ ឱ្យបានទូលំទូលាយកុំពឹងផ្អែក តែទៅលើគណៈកម្មការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោកទៅជួយផ្សព្វផ្សាយត្រូវជួយផ្សព្វផ្សាយទាំងអស់គ្នា មិនត្រូវបើកបរលើសល្បឿនកំណត់ និងកុំប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីចូលរួមចំណែកកាត់បន្ថយការស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក្រសួងបានចែកមួកសុវត្ថិភាព ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ បានប្រមាណ៨០ម៉ឺនមួក និងបានផ្សព្វផ្សាយពីច្បាប់គ្រោះថ្នាក់ចរាចរណ៍ដល់ពួកគាត់បានយល់ដឹង និងចែកចំណាំងផ្លាតដល់អ្នកបើកបរម៉ូតូ អ្នកដឹករ៉ឺម៉ក បើកបរគោយន្តសម្រាប់មើលពេលយប់ បានប្រមាណ៣លាន៤សែន ហើយនៅសល់៦០ទៀតក្រសួងនឹងចែកបន្តបន្ទាប់ទៀត៕