កូរ៉េសន្យាផ្តល់ឥណទានសម្បទានជាង១,២ពាន់លានដុល្លារដល់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦

ដោយៈ សុផារី

ភ្នំពេញៈ សាធារណរដ្ឋកូរ៉េ បានសន្យាផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមដល់ប្រទេសកម្ពុជា តាមរយៈកិច្ចសម្របសម្រួលក្របខ័ណ្ឌ (Framework Arrangement) ថ្មី ដែលមានទឹកប្រាក់ប្រមាណ១,២ពាន់ លានដុល្លារ សម្រាប់ឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។

ព៌តមាននេះ ត្រូវបានបង្ហើបក្នុងជំនួបរវាងលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Minnie Chey ដែលទើបចូលកាន់តំណែង ជាប្រធានថ្មី នៃមូលនិធិសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច (Economic Development Cooperation Fund – EDCF) របស់សាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា និងលោកស្រី Lee Hye-Kyung ដែលបានបញ្ចប់អាណត្តិ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ។

គិតមកដល់ដំណាច់ឆ្នាំ ២០២១កន្លងទៅនេះ ឥណទានសម្បទាន ពីសាធារណរដ្ឋកូរ៉េ មានទឹកប្រាក់សរុបប្រមាណ១,២១១លានដុល្លារ សម្រា​ប់ហិរញ្ញប្បទានដល់គម្រោង/កម្មវិធីអភិវឌ្ឍន៍ ចំនួន២៦គម្រោង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វង្សី វិស្សុត មានប្រសាសន៍ថា ក្នុងអាណត្តិរបស់លោកស្រី Lee Hye-Kyungកន្លងមក កម្ពុជាសម្រេចបាននូវការចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៨គម្រោង មានទឹកប្រាក់សរុបប្រមាណ ៤៤០លានដុល្លារ ដែលនេះជាស្នាដៃដ៏ធំធេងរបស់លោកស្រី និងជាការសម្រេចបាននូវផ្លែផ្កា សម្រាប់ប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោកក៏បានស្នើដល់ភាគីកូរ៉េ ឱ្យពិនិត្យលទ្ធភាពក្នុងការបង្កើនទំហំ នៃកញ្ចប់ឥណទានសម្បទានបន្ថែមទៀត ដើម្បីបំពេ​ញនូវតម្រូវវិនិយោគបន្ថែមរបស់កម្ពុជា ស្របតាមការរីកចម្រើនលូតលាស់ នៃសេដ្ឋកិច្ចលើវិស័យ ដែលមានសក្តានុពលមួយចំនួន ដើម្បីជំរុញកំណើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម ទេសចរណ៍ និងឡូជីស្ទីក ព្រមទាំងឌីជីថល។

លោកក៏ផ្តល់នូវក្តីសង្ឈឹមខ្ពស់ ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរ វាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងជួយជំរុញនូវពាណិជ្ជកម្មទេ្វភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះរីកចម្រើនខ្លាំងក្លា ក៏ដូចជា ជួយទាក់ទាញវិស័យឯកជនកូរ៉េ ដើម្បីបង្កើនការបោះទុនវិនិយោគ ឱ្យបានច្រើននៅកម្ពុជាផងដែរ។

លោកបានស្នើសុំដល់លោកស្រី ប្រធានថ្មី នៃ EDCF និងក៏ដូចលោកស្រីប្រធាន ដែលចប់អាណត្តិ ជួយជំរុញការផ្សព្វផ្សាយព័ត៌មាន ពីកម្ពុជា ដល់ប្រជាជនកូរ៉េ ក៏ដូចដល់វិស័យឯកជនកូរ៉េ ដើម្បីចូលមកទស្សនា និងបោះទុនវិនិយោគ នៅកម្ពុជាឱ្យបានច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here