កម្ពុជាដាក់ចេញគោលដៅយុទ្ធសាស្ត្រគន្លឹះចំនួន៤ ដើម្បីធានាសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ ក្នុងឱកាសដែលកម្ពុជាទទួលធ្វើ ជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានកំណត់ដាក់ចេញនូវសមិទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (PEDs) ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤។

លោកស្រី តឹករ៉េត កំរ៉ងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រ​សា​សន៍ថា ក្នុងឱកាសដែលកម្ពុជាទទួលធ្វើ ជាប្រធានអាស៊ាននៅឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងពាណិជ្ជកម្ម បានកំណត់ដាក់ចេញនូវសមិ​ទ្ធផលអាទិភាពសេដ្ឋកិច្ចនីមួយៗ (PEDs) ដោយផ្តោតសំខាន់លើគោលដៅយុទ្ធសាស្ត្រគន្លឹះ (Key Strategic Thrust) ចំនួន៤ដូចជា ទី១ លើកកម្ពស់ការតភ្ជាប់ឌីជីថល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទី២ កាត់បន្ថយគម្លាតនៃការអភិវឌ្ឍសំដៅទៅរកភាពប្រកួតប្រជែងអាស៊ាន។

ទី៣ អាស៊ានដែលប្រកបដោយសមាហរណកម្មបរិយាប័ន្ន ការរួបរួមគ្នាជាធ្លុងមួយ ភាពធន់រឹងមាំ និងភាពប្រកួតប្រជែង និងទី៤ សាកលភាវូបនីយកម្មអាស៊ាន ដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសិក្ខាសាលាស្តីពី ”ទស្សនៈវិស័យសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន” (Cambodia’s Economic Outlook and ASEAN Chairmanship Opportunities) ដែលបានរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅថ្ងៃទី១៩ ខែមករា លោកស្រី ក៏បានបង្ហាញវឌ្ឍនភាពសេដ្ឋកិច្ច និងកាលានុវត្តភាពពាណិជ្ជកម្មថ្មីៗរបស់កម្ពុជា ព្រមទាំងសមិទ្ធផលអាទិភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ សម្រាប់សសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន។

តាមរយៈការដាក់ចេញ នូវគោលដៅយុទ្ធសាស្ត្រគន្លឹះទាំងនេះ កម្ពុជាមានសុទិដ្ឋិនិយមថា នឹងអាចសម្រេចបានសមិទ្ធផល អាទិភាពសេដ្ឋកិច្ច និងអាទិភាពសំខាន់ៗដទៃទៀត ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

កន្លងមក ទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា នៅឆ្នាំ២០២១ សម្រចបានប្រមាណ ៤៦,២៧ ប៊ីលានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ២៩% បើធៀបនឹងឆ្នាំ២០២០។

ក្នុងនោះ ក្រសួងពាណិជ្ជកម្ម បានសម្រេចនូវវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងការបង្កើតក្របខណ្ឌគោលនយោបាយ ច្បាប់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគី ដើម្បីជួយជំរុញសកម្មភាពសេដ្ឋកិច្ច វិនិយោ​គបង្កើនទីផ្សារនាំចេញ និងជំរុញដល់ការធ្វើពិពិធកម្ម ដៃគូពាណិជ្ជកម្មរបស់កម្ពុជា ដែលអាចចូលរួមចំណែក ដល់ការសម្រេចបាននូវគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍ ត្រឹមឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here