ថៃ​និងកម្ពុជា​ពិភាក្សា​ផ្លាស់ប្តូរអ្នកទេសចរគ្នារវាង​ខេត្ត​តាម​ព្រំដែន​និង​ផ្លូវអាកាស​

ដោយ៖ សុផារី

ថៃ៖​ ភាគីថៃនិង​​កម្ពុជា​បានជជែក និងបង្កើតទំនាក់ទំនងអំពីការផ្លាស់ប្តូរអ្នកទេសចរគ្នា ដូចជា ការផ្លាស់ប្តូរអ្នកទេសចរពីភាគឦសានខាងត្បូងរបស់ថៃ រួមមាន ខេត្តស៊ីសាកេត បុរីរ៉ាំ សុរិន្ទ ជាមួយខេត្តសៀមរាបរបស់កម្ពុជាជាដើម​។


នេះ​បើតាម​ការ​អះអាងរបស់​លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្នុងដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតនៅលើទឹកដីថៃ​ ក្នុង​ពេល​ថ្មីៗនេះ។

លោក​បណ្ឌិត​មាន​ប្រសាសន៍ថា “យើងបានទំនាក់ទំនងគ្នាមកជាប់រហូត។ យើងបានជជែកពិភាក្សាជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងទេសចរណ៍ថៃ ហើយយើងក៏បានបង្កើតនូវកិច្ចសហប្រតិបត្តិការ និងរៀបចំគម្រោងលើវិស័យនេះជាមួយគ្នាជាច្រើននាពេលកន្លងមក”។
លោក​ថា កម្ពុជា​ចង់ឱ្យអ្នកទេសចរបរទេសចូលមកកម្ពុជាតាមរយៈច្រកព្រំដែនគោក និងផ្លូវអាកាសពីប្រទេសថៃ ឬទេសចរជនជាតិថៃ ដែលមានបំណងមកកម្សាន្តគោលដៅទេសចរណ៍នៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ហើយអាចធ្វើដំណើរបន្តមកកាន់ខេត្តសៀមរាបរបស់ប្រទេសកម្ពុជា ដោយសម្រួលឱ្យពួកគាត់មានភាពងាយស្រួលក្នុងការធ្វើដំណើរ និងអាចឱ្យពួកគាត់ស្នាក់នៅកម្ពុជាចាប់ពីចន្លោះ ២យប់ ៣ថ្ងៃ ឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បន្ដថា “ដោយឡែកចំពោះអ្នកទេសចរកម្ពុជា ក៏អាចចូលទៅកាន់ប្រទេសថៃតាមលក្ខណៈតែមួយនេះបានដូចគ្នា។ ពួកគាត់អាចមកទេសចរណ៍បែបពិនិត្យ ឬព្យាបាលសុខភាពនៅប្រទេសថៃទាំងមន្ទីរពេទ្យរដ្ឋ ឬឯកជនរបស់ថៃ។ កាលពីមុនកើតមានជំងឺកូវីដ-១៩ នោះយើងមានទំនាក់ទំនងបែបនេះជាមួយគ្នារួចស្រេចមកហើយ ប៉ុន្តែពេលនេះយើងចង់ជំរុញឱ្យវិស័យទេសចរណ៍បែបនេះរវាងប្រទេសទាំងពីរកាន់តែទូលំទូលាយ និងពង្រីកបន្ថែមទៀតជាមួយគ្នា ក្នុងនេះដូចជាផ្តល់ភាពងាយស្រួល និងកាន់តែសុវត្តិភាពដល់អ្នកទេសចរផង”។

លោក​បាន​បញ្ជាក់ពី​ការ​បើក​ប្រទេស​របស់​កម្ពុជា តាំង​ពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក។​ លោក​ថា ក្រុមការងារថ្នាក់មូលដ្ឋានតាមជាយដែនរវាងប្រទេសទាំង២ គឺកម្ពុជា-ថៃ កំពុងជជែកពិភាក្សាជាមួយគ្នាអំពី​ការ​រៀបចំវិធានការនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ ចំពោះការបើកច្រកទ្វារតាមព្រំដែនផ្លូវគោកបែបណា? សំដៅធ្វើយ៉ាងណាផ្តល់សុវត្ថិភាព និងផ្តល់ការសប្បាយរីករាយសម្រាប់អ្នកទេសចរនៃប្រទេសទាំងពីរ និង​កំពុងជំរុញការងារនេះឱ្យបានឆាប់រហ័ស។

ទោះជាយ៉ាងណា អ្នកទេសចរដែលធ្វើដំណើរតាមផ្លូវអាកាស គាត់មិនពិបាកទេ គឺអាចទៅកម្ពុជាបានតែម្តង។ អ្នកទេសចរដែលចាក់វ៉ាក់សាំងពេញលេញ ឬចាប់ពី២ដូសឡើង ធ្វើដំណើរទៅកម្ពុជាតាមយន្តហោះ គឺត្រឹមតែបង្ហាញលិខិត PCR Test ៧២ម៉ោងមុនចេញដំណើរ និងធ្វើតេស្តរហ័សពេលមកដល់អាចចូលទស្សនាកម្ពុជាបាន ដោយសេរីតែម្តងគ្មានការកំហិតឱ្យធ្វើចត្តាឡីស័កទេ។

ពាក់ព័ន្ធទៅនឹងការធ្វើ​ដំណើរ លោកថា នៅ​ថ្ងៃខាងមុខ​ រដ្ឋាភិបាល​នឹង​ធ្វើការកែច្នៃផ្លូវ​រថភ្លើងក្នុងល្បឿនមានស្រាប់ ឱ្យទៅជារថភ្លើងទាន់សម័យល្បឿនលឿនសម្រាប់អ្នកទេសចរវិញ ដោយ​បច្ចុប្បន្នរថភ្លើងរបស់​កម្ពុជា​ទៅដល់អារញ្ញប្រាថេតរួចហើយ ប៉ុន្តែ ភាគច្រើនគឺសម្រាប់ដឹកទំនិញ។ ទោះបីជាយ៉ាងណា ចំពោះបញ្ហានេះយើងត្រូវប្រើប្រាស់ពេលវេលា ប៉ុន្តែក្នុងថ្ងៃខាងមុខពិតណាស់គឺយើង ត្រូវតែមានយ៉ាងពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here