សេចក្តីព្រាងច្បាប់ចំនួនបីរបស់ក្រសួងពាណិជ្ជកម្មត្រូវបានអនុម័តដោយរដ្ឋសភា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់សំខាន់ៗចំនួន៣ ត្រូវបានរដ្ឋសភាជាតិ បានសម្រេចអនុម័តជាផ្លូវការហើយ ដែលសេចក្តីព្រាងច្បាប់នេះមានសារៈសំខាន់ ក្នុងការលើ់កកំពស់កាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា។


សេចក្តីព្រាងច្បាប់ទាំងនោះរួមមានច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្មស្តីពីវិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម និងស្តីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ
លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលបានដឹកនាំក្រុម​មន្រ្តីជំនាញចូលរួមការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងនេះ ត្រូវបានឆ្លងកាត់ជាច្រើនដំណាក់កាល ក្នុងសម័យប្រជុំពេញអង្គ ដោយធ្វើការត្រួតពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់ បន្ទាប់មក សម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ក៏បានអនុម័ត យល់ព្រមទាំង​ស្រុងលើសេចក្តីព្រាងច្បាប់ទាំងបីនេះ ដោយសម្លេងគំាទ្រជាឯកច្ឆន្ទ ១០២/១០២សម្លេង។

លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ ដល់សម្តេចប្រធានរដ្ឋសភា និងអង្គប្រជុំទាំងមូល ដែលបានអនុម័តយល់ព្រមសេចក្តីព្រាងច្បាប់នេះ ហើយសង្ឃឹមយ៉ាងមុតមាំថា សេចក្តីព្រាងច្បាប់ទាំង៣នេះ នឹងធ្វើឱ្យប្រសើរឡើងនូវតម្លាភាព និងសង្គតិភាព ក្នុងក្របខណ្ឌគតិយុត្តរបស់កម្ពុជា ព្រមទាំងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជា សំដៅចូលរួមស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩ និងផ្តល់នូវប្រយោជន៍ជាសារវ័ន្ត ដល់សង្គមជាតិទាំងមូល។

លោកបន្តថា “ក្រសួងនឹងសហការជាមួយក្រសួង- ស្ថាប័នពាក់ព័ន្ធជា​តិ​-អន្តរជាតិឱ្យបានជិតស្និទ្ធ ដើម្បីជំរុញការអនុវត្តច្បាប់នេះ ឱ្យមានប្រសិទ្ធភាពខ្ពស់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពី សហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់ស្តីពី វិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្ម នឹងជួយសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូន មានតម្លាភាព និងមានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល។

ដោយឡែក សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េវិញ នឹងក្លាយជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិ​យោគរវាងភាគីទាំងពីរ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នា ទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍសុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

កម្ពុជាក៏នឹងទទួលបានអត្ថប្រយោជន៍បន្ថែម ពីកិច្ចព្រមព្រៀងនេះ មានជាអាទិ៍ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទា ល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here