ក្រសួងពាណិជ្ជកម្មបង្ហាញពីកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២ខាងមុខ

ដោយ: ម៉ាលីស

ភ្នំពេញៈ ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ចាប់ផ្ដើមងើបឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស និងបើកសេដ្ឋកិច្ចឡើងវិញ ហើយសម្រាប់ស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្មឆ្នាំ២០២២ខាងមុខក៏រំពឹងថា នឹងមានកំណើនឡើងវិញបន្តទៀតដែរ។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកិច្ចសម្ភាសន៍ ពិសេសកាលពីដើមសប្តាហ៍នេះថា ដោយសារវិបត្តិកូវីដ១៩ បានធ្វើឱ្យសេដ្ឋកិច្ច នៅបណ្ដាប្រទេសលើពិភពលោកនេះ ទទួលរងនូវផលប៉ះពាល់ ហើយកម្ពុជាក៏ទទួលរងនូវផលប៉ះពាល់នេះដែរ ជាហេតុដែលនាំអោយ បង្អាក់ដល់ការនាំចូលមកវិញនូវវត្ថុធាតុដើម ដែលយើងភាគច្រើននាំចូល ពីប្រទេសចិនមកប្រើប្រាស់ ក្នុងការផលិតទំនិញសម្លៀកបំពាក់ស្បែកជើង កង់ ឬក៏កាបូបធ្វើដំណើរ ។

លោកបន្តថា “ប៉ុន្តែក្រោយមក វិបត្តិនេះ បានបន្ធូរបន្ថយបន្តិចម្ដងៗ អាស្រ័យដោយសម្របសម្រួល រវាងប្រទេសដែលជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើម និងប្រទេសដែលទទួលទិញទំនិញពីកម្ពុជា”។ លោកបន្ថែមថា “ប្រទេសដែលទទួលទិញពីកម្ពុជាធំៗ ក៏រងផលប៉ះពាល់ពីវិបត្តិកូវីដ១៩នេះដែរ ប៉ុន្តែក្រោយមកប្រទេសទាំងនោះ ក៏ចាប់ផ្ដើមដោះស្រាយវិបត្តិបាន និងមានតម្រូវការទិញទំនិញពីកម្ពុជាខ្ពស់ដដែល និងបានសម្របសម្រួលលក្ខខណ្ឌទីផ្សាររបស់ខ្លួនដើម្បីឆ្លើយតបទៅនឹងការរឹតត្បិត”។

ជាមួយគ្នានេះផងដែរ ពាក់ព័ន្ធនឹងលំហូរពាណិជ្ជកម្មកម្ពុជា ក្នុងឆ្នាំ២០២១នេះ ក្នុងវិបត្តិកូវិដនេះ អ្នកមួយចំនួនធំប្រាកដជាគិតថា ការនាំចេញរបស់កម្ពុជាប្រាកដជាមានបញ្ហាធ្ងន់ធ្ងរ និងធ្លាក់ចុះជាមិនខាន តែការពិតទៅវាជាឱកាសដ៏ប្រសើរទៅវិញ ដោយសារតែប្រទេសមួយចំនួន ក្នុងតំបន់ដូចជាប្រទេសមីយ៉ាន់ម៉ា ប្រទេសបង់ក្លាដេស ស្រីលង្កា ជួបប្រទះនឹងកូវីដ១៩ផង និងបញ្ហាផ្ទៃក្នុងផង ធ្វើឱ្យប្រទេសទាំងនេះ ដែលជាអ្នកបញ្ជាទិញមានការរារែក ហើយក៏បង្វែការបញ្ជាទិញពីកម្ពុជាវិញ ដោយហេតុនេះ ទើបធ្វើឱ្យកំណើននៃការនាំចេញ របស់យើងមានការកើនឡើងវិញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ែន សុវិជាតិបានបញ្ជាក់ថា ឆ្នាំ២០២០កន្លងទៅការនាំចេញរបស់យើងមានការធ្លាក់ចុះមែន បើធៀបនឹងឆ្នាំ២០១៩ តែឆ្នាំ២០២១នេះ ការនាំចេញរបស់យើង ហាក់មានកំណើនល្អប្រសើរឡើងវិញ និងជាលទ្ធផលមួយលើសពីការរំពឹងទុកផងដែរ។

លោកក៏បានបកស្រាយបំភ្លឺ អោយដឹងបន្ថែមថា តាមរយៈកំណើននៃការនាំចេញក្នុងឆ្នាំ២០២១នេះដែរ យើងរំពឹងថានៅឆ្នាំ២០២២ខាងមុខ កំណើននឹងបន្តងើបឡើងបន្ថែមទៀត ខណៈតម្រូវការនៅប្រទេសទីផ្សារធំៗរបស់កម្ពុជាក៏នៅតែមានខ្ពស់ ជាក់ស្ដែងប្រទេសចិន ដែលកម្ពុជារំពឹងថាទំហំពាណិជ្ជកម្មនឹងឡើង រហូតដល់១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២៣ បែរជាអាចសំរេចបានក្នុងឆ្នាំ២០២១ ត្រឹមតែជាង១០ខែប៉ុណ្ណោះ ដែលទំហំនេះ បានកើនឡើងដល់ជាង១០ពាន់លានដុល្លារ អាមេរិកទៅហើយ ដែលជាសក្ខីភាពមួយសម្រាប់ពាណិជ្ជកម្មកម្ពុជា។

មួយវិញទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងចិន នឹងជំរុញឱ្យការធ្វើពាណិជ្ជកម្ម រវាងកម្ពុជា និងចិនកាន់តែមានកំណើនល្អប្រសើរជាងមុន ដែលកម្ពុជាអាចនឹងទាក់ទាញវិនិយោគិនចិន ក៏ដូចជា វិនិយោគិនពីប្រទេសផ្សេងទៀត មកវិនិយោគនៅកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ។

លោកក៏បានបង្ហាញពីកត្តា ដែលអាចធ្វើឱ្យសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា នឹងមានសញ្ញាវិជ្ជមានឡើងក្នុងឆ្នាំ ២០២២ខាងមុនេះ ក្នុងនោះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគី និងទ្វេភាគីរបស់កម្ពុជានិងប្រទេសជាដៃគូផ្សេងទៀតក្រៅពីចិន ដែលកិច្ចព្រមព្រៀងនេះ នឹងជំរុញដល់ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសទាំងនោះ ហើយនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានឹងត្រូវបានរំពឹងថានឹងងើបឡើងវិញ។

ម្យ៉ាងទៀត ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ និងកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ ដែលជាកត្តាជំរុញ ឱ្យការនាំចេញរបស់កម្ពុជាកាន់តែមានភាពងាយស្រួល បន្ថែមទៀត ។

កត្តាផ្សេងទៀតដែលរំពឹងថា សេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា នឹងមានភាពល្អប្រសើរ ក្នុងនោះរាជរដ្ឋាភិបាលបានគិតគូ ស្វែងរកប្រភពអគ្គិសនីមកបម្រើនៅក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដែលធ្វើឱ្យតម្លៃអគ្គិសនីកាន់តែទាបនិង គ្រប់គ្រាន់ ។ ការដឹកជញ្ជូនក៏កាន់តែមានភាពរលូន មានផ្លូវគោកផ្លូវដែក និងផ្លូវទឹក ខណៈក្រសួងសាម៉ីក៏បានអភិវឌ្ឍន៍ផ្លូវដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជាកាន់តែប្រសើរឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកប៉ែន សុវិជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here