ដោយ៖លក្ខិណា
ភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជានិងបណ្ដាប្រទេសនានាលើពិភពលោកនៅតែមានស្ថានភាពល្អក្នុងឆ្នាំ២០២១ពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារដៃគូនានានៅតែមានស្ថានភាពល្អ ជាក់ស្ដែងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១នេះ មានទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារអាមមេរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាចេញផ្សាយកាលពីចុងសប្ដាហ៍មុននេះ។
ក្នុងរបាយការណ៍ស្ថិតិពាណិជ្ជកម្មកម្ពុជាជាមួយដៃគូសំខាន់ៗរយៈពេល១០ខែក្នុងឆ្នាំ២០២១របស់ពាណិជ្ជកម្មបានបង្ហាញថា អាមេរិកជាប្រទេសដែលនាំចូលទំនិញពីកម្ពុជាច្រើនជាង ដោយគិតចាប់ពីខែមករា ដល់ខែតុលា២០២១ អាមេរិកនាំចូលទំនិញពីកម្ពុជាមានទឹកប្រាក់៦.០៧៥លានដុល្លារអាមេរិក ខណៈកម្ពុជានាំចូលពីអាមេរិកវិញមានទឹកប្រាក់ត្រឹមតែ ២៧៨លានដុល្លារអាមេរិកប៉ុណ្ណោះ។ ទំហំទឹកប្រាក់កម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេល១០ខែកន្លងទៅនេះ មានកំណើន៤០ភាគរយ ហើយកម្ពុជានាំចូលពីអាមេរិកមានកំណើនប្រមាណ៤២ភាគរយ។
ក្នុងរបាយការណ៍ ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិកមាន សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ ម៉ាស៊ីនបរិធាន និងសម្ភារៈអគ្គិសនិ កង់ អង្ករ ជាដើម ខណៈទំនិញ ហើយបើគិតជាទឹកប្រាក់នាំចេញសរុបពីកម្ពុជាមានប្រមាណ១៤,២៨ពាន់លានដុល្លារអាមេរិកថយចុះ ២៦៤លានដុល្លារអាមេរិកឬប្រមាណ២ភាគរយប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈទឹកប្រាក់នាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងវិញជាវិជ្ជមានបន្ទាប់ពីបានធ្លាក់ចុះជាអវិជ្ជមានកាលពីឆ្នាំ២០២០កន្លងទៅ ។ កម្ពុជាក៏មានក្ដីរំពឹងពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសបើកសេដ្ឋកិច្ចកាលពីថ្ងៃទី១ វិច្ឆិកា២០២១កន្លងទៅនេះ ហើយសេដ្ឋកិច្ចកម្ពុជាក៏ត្រូវបានព្យាករណ៍ឡើងវិញពី២,៤ភាគរយទៅរង្វង់៣ភាគរយក្នុងឆ្នាំ២០២១នេះ ៕