ក្រុមហ៊ុនលំដាប់ពិភពលោកធំៗនៅមិនទាន់អនុវត្តតាមច្បាប់បទប្បញ្ញត្ដិរបស់ពន្ធដារបានល្អនៅឡើយ

ដោយៈ សុធារី

ភ្នំពេញៈ កន្លងមកការធ្វើប្រតិបត្ដិការតាមប្រព័ន្ធ E-Commerce នៅកម្ពុជា មិនបានគោរពកាតព្វកិច្ចពន្ធដារបានត្រឹមត្រូវទេ ដោយក្នុងនោះរួមមាន ក្រុមហ៊ុន Netflix Facebook Google និង Amazon ជាដើម ក៏មិនទាន់អនុវត្តតាមច្បាប់ បទប្បញ្ញត្ដិរបស់ពន្ធដារបានល្អនោះដែរ គឺនៅមានចន្លោះខ្វះខាត។

លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងសិក្ខាសាលា ស្តីពី ការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនអន្ដរជាតិមួយចំនួន ជាពិសេសក្រុមហ៊ុន Netflix, Facebook, Google និង Amazon ជាដើម -ល- នឹងមកធ្វើការសន្ទនា អំពីកិច្ចចាប់ផ្ដើមជាមួយអគ្គនាយកដ្ឋានពន្ធដារស្ដីពី អំពីប្រតិបត្ដិការ ធ្វើពាណិជ្ជកម្មអនឡាញ នៅក្នុងប្រទេសកម្ពុជា។

លោកក៏បានអំពាវនាវ ដល់ម្ចាស់អាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) មកចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាងរងទោសទណ្ឌ និងផាកពិន័យ ដែលចាប់ផ្ដើមអនុវត្ដ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់ថា “ខ្ញុំសូមអំពាវនាវ ចំពោះបងប្អូនទាំងឡាយ ដែលកំពុងរកទទួលទាន តាមប្រព័ន្ធ E-Commerce មកចុះបញ្ជី និងគោរពនូវបទប្បញ្ញត្ដិនានា ដែលយើងមានជាធរមាន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងថា ជាធម្មតាការបង់ពន្ធ គឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋទូទៅ ដែលមានអាជីវកម្ម ហើយត្រូវមកចុះបញ្ជី និងប្រកាសបង់ពន្ធ។ ដូច្នេះដើម្បីជៀសវាងនូវការរងទោសទណ្ឌ និងការផាកពិន័យសូ​មម្ចាស់អាជីវកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់បានចុះបញ្ជី សូមអញ្ជើញមកចុះបញ្ជី នៅអគ្គនាយកដ្ឋានពន្ធដារ ឲ្យបានទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here