សម្តេចតេជោៈកូវីដ១៩បានទាញទម្លាក់ចំណូលជាតិរបស់កម្ពុជាចន្លោះពី២០០ទៅ៣០០លានដុល្លារក្នុងមួយខែ

ដោយៈលក្ខិណា

ភ្នំពេញៈ ជំងឺកូវីដ១៩បានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងពិភពលោក ក្នុងនោះកម្ពុជាក៏ជាប្រទេសមួយរងគ្រោះដោយសារតែជំងឺរាតត្បាតសកលនេះដែរ ហើយក្នុងអំឡុងនៃកូវីដ១៩បានធ្វើឱ្យចំណូលជាតិ ធ្លាក់ចុះប្រមាណ២០០ ទៅ៤០០ដុល្លារអាមេរិកក្នុងមួយខែ។

ថ្លែងក្នុងពិធីសម្ពោធសណ្ឋាគារ Hayatt Resident នៅព្រឹកថ្ងៃទី១៥ ធ្នូ ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា កូវីដ១៩បានបង្កផលប៉ះពាល់ ដល់ចំណូលជាតិរបស់កម្ពុជា ដែលកាលពីមុនពេលមានកូវីដ១៩ កម្ពុជាអាចរកចំណូលជាតិបានមានប្រមាណពី៥០០លានដុល្លារអាមេរិក ទៅដល់៧០០លានដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែពេលកូវីដ១៩ចូលមកដល់ បានធ្វើឱ្យចំណូលជាតិរបស់កម្ពុជា នៅសល់ត្រឹមតែប្រមាណលើ៤០០លានដុល្លារអាមេរិក តិចតួចប៉ុណ្ណោះ។

យ៉ាងណាក្ដី ទោះបីជាចំណូលជាតិរបស់កម្ពុជា បានធ្លាក់ចុះក៏ពិតមែន តែមិនបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំនោះទេ នៅតែអាចរក្សាជំហបានដដែល។

ការធ្លាក់ចុះនៃចំណូលជាតិ ក្នុងវិបត្តិកូវីដ១៩នេះ ត្រូវបានមើលឃើញថា រដ្ឋាភិបាលបានអនុគ្រោះ ដល់វិស័យជាច្រើនដែលរងផលប៉ះពាល់ជាពិសេសពន្ធលើអាជីវកម្ម ក្នុងវិស័យទេសចរណ៍ និងការអនុគ្រោះចំពោះពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញផ្ទះ តម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិកជាដើម ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងចំណូលជាតិធ្លាក់ចុះនៃដែរ បែរជាការចំណាយមានកំណើនខ្ពស់ជាងមុនវិបត្តិកូវីដ១៩ទៅទៀត ដោយសារតែមួយផ្នែកទប់សម្រាប់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងមួយផ្នែកទៀតទប់ទល់ នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយបានបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ ពលរដ្ឋងាយរងគ្រោះដោយសារតែជំងឺកូវីដ១៩ និងបើកប្រាក់ឧបត្ថម្ភដល់បុគ្គលិកកម្មករដែលបានបាតបង់ការងារដោយសារតែកូវីដ១៩ ។

លោកវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងកន្លងមកថា កូវីដ១៩ មិនបានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាដួលរលំនោះទេ តែផ្ទុយទៅវិញ  រដ្ឋាភិបាលនោះតែមានសមត្ថភាព ក្នុងការគ្រប់គ្រងចំណូលចំណាយរបស់ខ្លួន ហើយស្ថាប័នអន្តរជាតិ ក៏បានកោតសរសើរចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាពកូវីដ និងសេដ្ឋកិច្ចបានល្អប្រសើរផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here