ស៊ុយអ៊ែតលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់ជនពិការភាពយុវជន និងស្ត្រី

ដោយៈ សុធារី

ភ្នំពេញៈ រដ្ឋាភិបាលស៊ុយ អ៊ែត រាជរដ្ឋាភិបាលកម្ពុជា អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមសហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជា ការគាំទ្រ ដល់អ្នកស្វែងរកការងារដែលមានពិការភាព”។

គម្រោងនេះមានរយៈពេល២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងា សម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារ ដែលមានពិការភាពក្នុងការស្វែងរកការ​ងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។

ក្នុងការពិភាក្សា ដើម្បីពន្លឿនកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មានការចូលរួមពីលោក Magnus Saemundsson លេខាទី១ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា និងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបនោះ លោកអ៊ិត សំហេងបានបញ្ជាក់ថា ក្នុងបរិបទកូវីដ-១៩ ការរៀបចំដំណើរការស្វែងរកការងារ បានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមានដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានការផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាលស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងជាច្រើន មកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយឲ្យមានដំណើរទស្សនកិច្ច ទៅសិក្សាស្វែងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអ៊ែត។ ព្រមជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។

ទាក់ទងទៅនឹងការងារជនពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀត ដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារ នៅក្នុងសង្គមដោយរដ្ឋាភិបាល ត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុងសហគ្រាសឯកជន។

ឆ្លើយតបតាមសំណើររបស់កម្ពុជា ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយ ក្នុងមួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន១៣មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងា​រចល័តចំនួន៣ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here