សម្តេចតេជោស្នើស្នើឱ្យបញ្ចុះអត្រាការប្រាក់ចំពោះអ្នកដាក់ប្រាក់បញ្ញើរ

          ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងដំណាក់កាលនៃវិបត្តិកូវីដ១៩នេះ ជាពិសេសនៅក្រោយថ្ងៃ២០ កុម្ភៈ២០២១ កម្ពុជាបានជួបទុក្ខកាន់តែធ្ងន់ទៅលើសេដ្ឋកិច្ច និងសុខភាពសាធារណៈ ហើយរដ្ឋាភិបាល ក៏បានចេញអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីជួយដល់ពលរដ្ឋផងដែរ។ ក្នុងនោះធនាគារនិងមីក្រូហិរញ្ញវត្ថុ ក៏បានសម្របសម្រួល និងជួយដល់អតិថិជនរបស់ខ្លួនដែលរងផលប៉ះពាល់ពីវិបត្តិ។

នៅក្នុងបទអន្តរាគមន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នៅព្រឹកថ្ងៃទី១០ មេសា ២០២១ សម្ដេចបានអំពាវនាវ និងស្នើសុំឱ្យមានការបញ្ចុះអត្រាការប្រាក់លើអ្នកដាក់ប្រាក់បញ្ញើនៅតាមធនាគារ ឬ មីក្រូហិរញ្ញវត្ថុ ។ ការបញ្ចុះអត្រាការប្រាក់នេះ នឹងធ្វើឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុអាចមានលទ្ធភាពបន្ថែម ក្នុងការជួយដល់អ្នកដែលផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចមានប្រសាសន៍ថា “ធនាគារនិងមីក្រូហិរញ្ញវត្ថុ គឺជាម្ចាស់បំណុលផង និងជាកូនបំណុលផង ដូច្នេះលទ្ធភាពដែលជួយដល់ធនាគារបាន គឺអ្នកដែលមានលុយយកទៅដាក់នៅក្នុងធនាគារ គួរយោគយល់ឱ្យកាត់បន្ថយអត្រាការប្រាក់ ហើយសុំកុំទៅដកប្រាក់ពីធនាគារមួយទៅដាក់នៅធនាគារមួយ ដែលមានអត្រាការប្រាក់ខ្ពស់ជាង”។ សម្ដេចស្នើសុំឱ្យសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ពិភាក្សាលើការកាត់បន្ថយអត្រាការប្រាក់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ឱ្យបានដូចគ្នា ព្រោះបើមានធនាគារមួយកាត់បន្ថយអត្រាការប្រាក់ផ្ដល់ជូនអ្នកផ្ញើរ ហើយធនាគារមួយទៀតមិនបានកាត់បន្ថយ នោះនឹងមានអតិថិជនដកពីធនាគារមួយទៅដាក់នៅធនាគារមួយទៀត”។

សម្ដេចមាប្រសាសន៍បន្ថែមថា នៅក្នុងដំណាក់កាលនេះ ធនាគារនានាក្នុងប្រទេសកម្ពុជាមានប្រាក់សល់ច្រើន ព្រោះក្នុងវិបត្តិបែបនេះ ពិបាកក្នុងការរកអ្នកខ្ចី ដូច្នេះធនាគារក៏មានការលំបាក ក្នុងការរកប្រាក់ដល់ផ្ដល់អត្រាការប្រាក់ដល់អតិថិជន ដែលដាក់ប្រាក់បញ្ញើនោះដែរ។

សម្តេចបន្តថា “ក្នុងកាលៈទេសៈនេះ គឺពិតជាយល់ពីផលលំបាក ទើបសុំឱ្យអ្នកដាក់ប្រាក់បញ្ញើយោគដល់ ឱ្យធនាគារកាត់បន្ថយអត្រាការប្រាក់ ដើម្បីរួមចំណែកទាំងអស់គ្នា”។

កាលពីថ្មីៗនេះ សមាគមហិរញ្ញវត្ថុសំខាន់ពីរនៅកម្ពុជា គឺសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួម ដើម្បីជួយសម្រួលដល់អ្នក ដែលមានផលប៉ះពាល់ដោយសារកូវីដ១៩ ក្នុងនោះពន្យារការបង់ប្រាក់ដើម និងការចំពោះអ្នកដែលឆ្លងកូវីដ១៩ និងអ្នកដែលធ្វើចត្តាឡីស័ក និងរៀបចំឥណទានឡើងវិញដល់អតិថិជនដែលរងផលប៉ះពាល់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here