អង់គ្លេសផ្តល់ថវិកា៥៩លានដុល្លារអាមេរិកដើម្បីជួយសម្រួលការតាំងទីលំនៅរបស់ពលរដ្ឋហុងកុង

ដោយៈសុខុម

ក្រុងឡូងដ៏ៈ  ប្រទេសអង់គ្លេស បានសន្យាផ្តល់ថវិកាចំនួន៥៩លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋហុងកុង ដែលមានគម្រោងធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសនៅអឺរ៉ុបមួយនេះ តាមរយៈកម្មវិធីអន្តោប្រវេសន៍ថ្មី សម្រាប់អ្នកកាន់សញ្ជាតិអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik ដែលបានដកស្រង់ប្រភពពីរដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី៨ មេសា។

លោកRobert Jenrick រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកតាំងលំនៅ និងសហគមន៍អង់គ្លេស បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពលរដ្ឋហុងកុង កាន់សញ្ជាតិអង់គ្លេស ដែលមានគម្រោងធ្វើអន្តោប្រវេសន៍ ទៅកាន់ប្រទេសអង់គ្លេស តាមរយៈកម្មវិធីអន្តោប្រវេសន៍ថ្មីនេះនឹងទទួលបានកញ្ចប់ជំនួយឧបត្ថម្ភ ដើម្បីជួយឱ្យពួកគេអាចតាំងទីលំនៅ ក្នុងប្រទេសនេះដោយជោគជ័យ។

រដ្ឋាភិបាលចក្រភពអង់គ្លេស បានចេញសេចក្ដីថ្លែងការណ៍ថា “គាំទ្រដោយទឹកប្រា​ក់ចំនួន៥៩លានដុល្លារអាមេរិក កម្មវិធីសមាហរណកម្មសញ្ជាតិហុងកុង-អង់គ្លេស នេះនឹងជួយអ្នកកាន់សញ្ជាតិអង់គ្លេស ឱ្យទទួលបានលំនៅដ្ឋាន ការងារ និងការគាំទ្រផ្នែកអប់រំដើម្បីធានាថា ពួកគេអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស ហើយចូលរួមចំណែកដល់សហគមន៍ថ្មីរបស់ពួកគេ”។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា មណ្ឌលទទួលស្វាគមន៍ (Welcome Hub) ចំនួន១២នឹងត្រូវបង្កើតឡើងទូទាំងប្រទេសនេះ ដើម្បីឱ្យក្រុមគ្រួសារ និងបុគ្គលមកពីក្រុងហុងកុង ទទួលបានលំនៅដ្ឋាន ការអប់រំ និងការងារសម្រាប់សាងជីវិតថ្មីនៅប្រទេសអង់   គ្លេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតបទៅនឹងច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសដែលរដ្ឋាភិបាលក្រុងប៉េកាំង បានដាក់លើក្រុងហុងកុង កាលពីខែកក្កដា ឆ្នាំ២០២០ រដ្ឋាភិបាលអង់គ្លេស បានបង្ហាញផ្លូវអន្តោប្រវេសន៍ថ្មីមួយ ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋហុងកុង ដែលកាន់សញ្ជាតិអង់គ្លេស ធ្វើអន្តោប្រវេសន៍ទៅកាន់ប្រទេសអង់គ្លេស។

រដ្ឋាភិបាលអង់គ្លេស ប៉ាន់ប្រមាណថា ពលរដ្ឋហុងកុង ដែលកាន់សញ្ជាតិអង់គ្លេស ចន្លោះពី២៥៨,០០០នាក់ ទៅ៣២២,០០០នាក់នឹងធ្វើអន្តោប្រវេសន៍ ពីទីក្រុងហុងកុង ក្នុងរយៈពេល៥ឆ្នាំក្រោយ។

ទាក់ទិននឹងច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាសនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានចេញមុខការពារថា វាពិតជាចាំបាច់ណាស់សម្រាប់ការប្រឆាំង នឹងការផ្ដាច់ខ្លួនបំបែករដ្ឋ បន្ទាប់ពីផ្ទុះមហាបាតុកម្ម រយៈពេលជាងមួយឆ្នាំនៅក្រុងហុងកុង។

មហាយក្សចិន បានថ្កោលទោសកម្មវិធីអន្តោប្រវេសន៍ថ្មី របស់ប្រទេសអង់គ្លេស នេះថាជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរ ចូលក្នុងកិច្ចការក្នុងស្រុករបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here