ដោយៈ សាវុធ
ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេសបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការស្ដារសេដ្ឋកិច្ចឡើងវិញ បន្ទាប់កិច្ចសន្ទនាត្រីភាគីបើកចំហរថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចក្រភពអង់គ្លេស លើកទី២ (តាមប្រព័ន្ធវីដេអូ) ដែលបានធ្វើឡើងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។
យោងបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កិច្ចប្រជុំបានពិភាក្សាអំពីការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-ចក្រភពអង់គ្លេស នៅលើវិស័យជាច្រើនដែលជាចំណាប់អារម្មណ៍រួម និងផលប្រយោជន៍ទៅវិញទៅមក។
កិច្ចប្រជុំក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រោះអាសន្នសុខភាពសាធារណៈ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងបម្រែបម្រួលអាកាសធាតុ ក៏ដូចជា បញ្ហាតំបន់និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម។
កិច្ចប្រជុំបានអះអាងជាថ្មី អំពីសារសំខាន់នៃពហុភាគីនិយមសម្រាប់ការឆ្លើយតបរួមគ្នា និងប្រកបដោយប្រសិទ្ធភាព ដើម្បីជម្នះបញ្ហាប្រឈមនានាដែលបង្កឡើងដោយជំងឺកូវីដ-១៩ និងបានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ប្រកបដោយចីរភាព។
លោក ដូមីនិក រ៉ាអាប់ (Dominic Raab) រដ្ឋមន្រ្តីការបរទេសនៃចក្រភពអង់គ្លេស បានជម្រាបជូនអង្គប្រជុំដោយសង្ខេបអំពីគំនិតផ្តួចផ្តើមរបស់ចក្រភពអង់គ្លេសក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត និងការចូលរួមចំណែករបស់ចក្រភពអង់គ្លេសចំពោះកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ និងទប់ស្កាត់ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃជំងឺនេះ។
លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីភាពចាំបាច់ដើម្បីធានាថា វិថីឆ្ពោះទៅរកការស្ដារឡើងវិញនូវសេដ្ឋកិច្ច-សង្គម មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពភពផែនដីឡើយ។
សម្រាប់វិស័យពាណិជ្ជកម្ម លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានលើកទឹកចិត្តដល់អាស៊ាន និងចក្រភពអង់គ្លេសឱ្យរិះរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចក្រភពអង់គ្លេស (ASEAN-UK FTA) ក៏ដូចជាពង្រីកកិច្ចសហប្រតិបត្តិការខាងផ្នែកឌីជីថល ដើម្បីគាំទ្រកំណើនសហគ្រាសមីក្រូ ធុនតូច និងមធ្យម (MSMEs)៕