ក្រុងប៉េកាំង វ៉ាឈ្នះក្រុងញូវយ៉កក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុតក្នុងពិភពលោក

ដោយៈសុខុម

អាមេរិក:  នៅទីបំផុតក្រុងប៉េកាំង បានវ៉ាដាច់ទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក ដើម្បីកាន់កាប់ដំណែង ជាទីក្រុងទី១លើពិភពលោក ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ។

សារព័ត៌មាន BBC បានចុះផ្សាយនៅថ្ងៃទី៨ មេសានេះថា យោងតាមបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំឆ្នាំរបស់ទស្សនាវដ្តី Forbes បង្ហាញថា ពេលនេះក្រុងប៉េកាំង ដែលជារដ្ឋធានីរបស់មហាយក្សចិន បានវ៉ាឈ្នះក្រុងញូវយ៉ក ក្លាយជាទីក្រុងដែលមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេបំផុតទូទាំងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទស្សនាវដ្ដីនេះបានបញ្ជាក់ថា មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ នៅក្នុងទីក្រុងនេះបានកើនឡើង៣៣នាក់បន្ថែមទៀត ហើយពេលនេះមហាសេដ្ឋីប្រាក់ពាន់លានដុល្លារបានកើនឡើងចំនួនសរុប១០០នាក់ហើយ។ រដ្ឋធានីចិន មួយនេះបានវ៉ាឈ្នះក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក ដែលមានមហាសេដ្ឋីប្រាក់ពាន់ លានដុល្លារចំនួន៩៩នាក់ ហើយបានរក្សាតំណែងកំពូលរយៈពេល៧ឆ្នាំជាប់ៗគ្នា។

ការគ្រប់គ្រងបានយ៉ាងរហ័ស របស់មហាយក្សចិន លើវីរុសកូវីដ-១៩ ការស្ទុះងើបឡើងនៃបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា និងទីផ្សារភាគហ៊ុនរបស់ខ្លួនបានជួយឱ្យក្រុងប៉េកាំង ដណ្ដើមបានចំណាត់ថ្នាក់កំពូល។

ទោះជាយ៉ាងណា ថ្វីបើពេលនេះក្រុងប៉េកាំង មានមហាសេដ្ឋីច្រើនជាងក្រុងញូវយ៉ក យ៉ាងណាក្ដី ក៏ទ្រព្យសម្បត្តិរួមបញ្ចូលគ្នារបស់មហាសេដ្ឋី នៅទីក្រុងញូវយ៉ក នៅតែមានចំនួនច្រើនជាងក្រុមមហាសេដ្ឋី ដែលរស់នៅក្រុងប៉េកាំងដល់ទៅ៨០ពាន់លានដុល្លារឯណោះ។

អ្នកមានបំផុតនៅក្រុងប៉េកាំង គឺលោកZhang Yiming ដែលជាស្ថាបនិក App ចែករំលែកវីដេអូTikTok ដ៏ល្បីល្បាញ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនមេ ByteDance។ ទ្រព្យសម្បត្តិរបស់គាត់ បានកើនឡើងទ្វេដងដល់៣៥,៦ពាន់លានដុល្លារ។

ចំណែកឯអ្នកមានបំផុតនៅក្រុងញូវយ៉ក គឺអតីតអភិបាលក្រុងលោកMichael Bloomberg ដែលមានទ្រព្យសម្បត្ដិ៥៩ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here