ទីភ្នាក់ងារAFD ផ្តល់ហិរញ្ញប្បទានជាង១៤១លានអឺរ៉ូដល់កម្ពុជារយៈពេល៣ឆ្នាំចុងក្រោយ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន៥ ដែលមានទឹកប្រាក់សរុបចំនួន១៤១,៥លានអឺរ៉ូ ក្នុងរយៈបីឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងថា ក្នុងរយៈបីឆ្នាំចុងក្រោយនេះ AFD បាននិងកំពុងចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយដៃគូអភិវឌ្ឍន៍ដ៏ទៃទៀត ក្នុងគម្រោងចំនួន៥ ដែលមានទឹកប្រាក់សរុបចំនួន១៤១,៥លានអឺរ៉ូ ។

ក្នុងចំណោមគម្រោងទាំងប្រាំ មានគម្រោងចំនួន៣ ដែលក្រសួងកសិកម្មបាននិងកំពុងអនុវត្តគឺ៖ ទី១- ការចម្រុញកំណើនវិស័យកសិកម្មនៅកម្ពុជាដោយចិរភាព (CaPFish Aquaculture) ២៥ លានអឺរ៉ូ ចូលរួមផ្តល់សហហិរញ្ញប្បទានជាមួយសហភាពអ៊ឺរ៉ុប ដោយផ្តោតទៅលើការធ្វើឲ្យប្រសើរឡើងវិស័យវារីវប្បកម្ម ប្រកបដោយនិរន្តភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២- គម្រោងថ្នាក់តំបន់ស្តីពីការអភិវឌ្ឍកសិ-ទេសចរណ៍ និងប្រព័ន្ធសុវត្ថិភាពចំណីអាហារ ដែលមានទឹកប្រាក់សរុបចំនួន ១១,៥ លានអឺរ៉ូ និងគម្រោងទី៣ គឺគម្រោង “ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងការលើកកម្ពស់សុវត្ថិភាពកសិផល ដែលបានធ្វើសហការហិរញ្ញប្បទានជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងតម្លៃទឹកប្រាក់ ២៥លានអឺរ៉ូ ។

លោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារ AFD បានថ្លែងថា គម្រោងបាននិងកំពុងដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។

លោកស្រីបានថ្លែងទៀតថា គម្រោងនឹងចូលរួមចំណែកធ្វើឲ្យខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្មមានលក្ខណល្អប្រសើរ រួមទាំងងផលិតកម្មសត្វ និងបន្លែផងដែរ ដែលនឹងចូលរួមលើកកម្ពស់តម្លៃ បន្ថែម ទីផ្សារ និងការប្រកួតប្រជែងទាំងបរិមាណ គុណភាព និងសុវត្ថិភាពតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប សមស្រប ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here