ធនាគារចំនួន២បើកកិច្ចពិភាក្សាដើម្បីសែ្វងរកមូលនិធិផ្តល់ជូនពលរដ្ឋប្រកបរបរកសិកម្ម

ដោយៈ សាវុធ

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងធនាគារអេស៊ីលីដាបានបើកកិច្ចពិភាក្សាដំណាក់កាលទី១ ដើម្បីស្វែងរកមូលនិធិផ្តល់ទៅឱ្យពលរដ្ឋប្រកបរបរកសិកម្មនាពេលអនាគត។

ការពិភាក្សានេះត្រូវបានធ្វើឡើងកាលពីម្សិលមិញរវាងលោកកៅ ថាចប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(អេ អ ឌី ប៊ី) និងលោកបណ្ឌិត អ៊ិន ចាន់នីប្រធានធនាគារអេស៊ីលីដា ក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរទស្សនទាន រវាងគ្នាទៅវិញទៅមក លើយន្តការ នៃការផ្តល់ឥណទានរួម ដើម្បីធ្វើការគាំទ្រ ទៅដល់វិស័យកសិកម្ម រួមមាន ការចិញ្ចឹមសត្វ វារីវប្បកម្ម ការដាំដុះបន្លែ ផ្លែឈើ និងការកែច្នៃនូវផលិតផលកសិកម្ម ជាដើម។

លោកបាន លីមអ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ត្រូវបានដកស្រង់ចេញពីសារព័ត៌មានស្រុកមួយនៅព្រឹកថ្ងៃនេះថា ធនាគារចំនួន២ បានជជែកគ្នាក្នុងដំណាក់កាលទី១រួចហើយ ដើម្បីរកមូលនិធិផ្តល់ទៅឲ្យពលរដ្ឋ ដែលប្រកបរបរកសិកម្ម នាពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “រកដៃគូដើម្បីសិក្សាពីការផ្តល់ប្រាក់កម្ចីរួមគ្នាទៅឲ្យប្រជាពលរដ្ឋ។ នេះជាដំណាក់កាលកំពុងជជែកគ្នា មិនទាន់ឈានដល់ការសម្រេច ជាមួយធនាគារអេស៊ីលីដាទេ”។

លោកបានថ្លែងទៀតថា “គម្រោងនេះ ដើម្បីរួមគ្នារកមូលនិធិមួយ ផ្តល់ទៅដល់ប្រជាកសិករដែលកំពុងប្រកបមុខរបរទាំង៤ខាងលើនេះ។ តែយ៉ាងណាក៏ដោយ កន្លងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់កម្ចីទៅឲ្យពលរដ្ឋរួចហើយ”។

ភាគីទាំងពីរ ក៏បានធ្វើការពិភាក្សាលើលទ្ធភាព នៃការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ រវាងផ្នែកវាយតម្លៃឥណទាន និងផ្នែកគ្រប់គ្រងហានិភ័យឥណទាន នៃធនាគារ អេស៊ីលីដា (ACLEDA) និង ធនាគារ អេ អ ឌី ប៊ី (ARDB) ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here