ទោះវិបត្តិយ៉ាងណាក្ដី តម្លៃអចលនទ្រព្យនៅខេត្តកំពតនៅតែមិនថយចុះ

        ដោយៈលក្ខិណា

ភ្នំពេញៈ ទោះបីជាដើមឆ្នាំ២០២១នេះ កម្ពុជាបានជួបប្រទះនឹងវិបត្តិកាន់តែធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែគេសង្កេតឃើញថា តម្លៃអចលនទ្រព្យអត់មានថយចុះទេ ពោលមានតែកើនឡើងជាបន្តបន្ទាប់ទៅវិញ  តែអ្នកជំនាញថា ក៏មានការថយចុះតែក្នុងលក្ខខណ្ឌឯកជនប៉ុណ្ណោះ។

លោកសុខ គែន ភ្នាក់ងារអចលនទ្រព្យមួយរូបប្រចាំខេត្តកំពត បានឱ្យដឹងថា ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ៩ក្ដី សកម្មភាពទិញលក់មានការថយចុះខ្លះ តែតម្លៃអចលនទ្រព្យជាពិសេសទៅលើដីធ្លី មិនមានការថយចុះទេ ហើយមានតែឡើងថ្លៃបន្តទៀតនៅតាមតំបន់មានសក្ដានុពលមួយចំនួន។ ទោះជាយ៉ាងណាក្ដីវាថយតិចតួច ក្រោមទីផ្សារបន្តិចចំពោះ​អ្នក ដែលត្រូវការលក់អចលនទ្រព្យបន្ទាន់ៗប៉ុណ្ណោះ សម្រាប់ទីផ្សារទូទៅអត់មានថយទេ។

លោកបន្តថា “អ្នកមានលុយនៅតែបន្តស្វែងរកទិញអចលនទ្រព្យ ហើយអាចទិញបាននៅតំបន់ដែលមានសក្ដានុពល ក្នុងតម្លៃចរចានៅលើទីផ្សារ”។លោកបន្តថា “សម្រា​ប់អ្នកដែលមានសំណាង អាចរកទិញបានដីធ្លីរបស់ម្ចាស់ ដែលត្រូវការលុយបន្ទាន់សម្រាប់ដោះស្រាយជីវភាព និងដោះស្រាយបញ្ហា តែសម្រាប់ដីធ្លីរបស់ម្ចាស់ដែលមិនត្រូវការបន្ទាន់តម្លៃ នៅតែរឹងនិងអាចលើទីផ្សារពីមុនទទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកលោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បានមានប្រ​សា​សន៍ថា មួយចំនួនយល់ច្រលំថា នៅពេលមានបញ្ហានឹងសេដ្ឋកិច្ច ធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះ តែជាក់ស្ដែងជាង១ឆ្នាំទៅហើយ ដែលកម្ពុជាជួបវិបត្តិ តែតម្លៃអចលនទ្រព្យ មិនបានធ្លាក់ចុះនោះទេ មានតែបន្តឡើងថ្លៃដោយសារតែនៅក្នុងវិស័យនេះ នៅតែមានអ្នកវិនិយោគ ទិញដីធ្លីដើម្បីអភិវឌ្ឍលំនៅឋាន និងដីឡូត៍។

លោកបន្តថា “នៅពេលមានអ្នកអភិវឌ្ឍន៍កាន់តែច្រើន វានឹងធ្វើឱ្យតម្លៃនៅតែរឹងនិងមិនមានការថមថយទេ ទោះស្ថិតនៅក្នុងវិបត្តិយ៉ាងនេះក្ដី ហើយបើសិនជាសកម្មភាពនៃការសម្រុកវិនិយោគទៅលើវិស័យមួយនេះកាន់តែច្រើនវានឹងជះឥទ្ធិពលអាក្រក់សម្រាប់ទីផ្សារនៅពេលអនាគតផងដែរ”។

ជាមួយគ្នានេះ លោកលឹម រដ្ឋា ភ្នាក់ងារដីធ្លីមួយរូបក៏បាននិយាយថា តាមរយៈការស៊ើបសួរពីតម្លៃដីជូនភ្ញៀវរាល់ថ្ងៃឃើញថា ទីផ្សារដីមិនធ្លាក់ចុះនោះទេ តែដីខ្លះមានតែឡើងទៅវិញ ដូចជាដីនៅតំបន់ដែលមានសក្ដានុពលខ្ពស់ តែដីរាយរងដីជាលក្ខណៈតូចតាច និងមិនត្រូវការនៅក្នុងទីផ្សារមានការធ្លាក់ចុះបន្តិច ដោយសារតែម្ចាស់ដី ត្រូវការដើម្បីស្រាយជីវភាពរបស់ខ្លួន ដែលមិនជាប់ពាក់ព័ន្ធនឹងហាង ឬទីផ្សារដីធ្លីទាំងមូលឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here