ដោយៈ សាវុធ
ភ្នំពេញៈ គណៈកម្មការទន្លេមេគង្គ (MRC) នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានសម្រេចដាក់ចេញនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍អាងទន្លេមេគង្គ រយៈពេល១០ឆ្នាំថ្មីមួយ សម្រាប់ការគ្រប់គ្រងអាងទន្លេមេគង្គ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ដោយដោយផ្តោតលើវិស័យអាទិភាពចំនួន៥។
ផែនការយុទ្ធសាស្ត្រ១០ឆ្នាំ និង ៥ឆ្នាំ (២០២១-២០២៥) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាថ្នាក់រដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ដោយផ្តោតលើវិស័យអាទិភាពចំនួន៥ រួមមាន ទី១) ការធ្វើឱ្យប្រសើរឡើងនូវមុខងារអេកូឡូស៊ី នៃទន្លេមេគង្គ សម្រាប់សុខភាពបរិស្ថាន និងសហគមន៍ប្រកបដោយផលិតភាព ទី២) ការជំរុញលទ្ធភាពទទួលបាន និងប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនានាឱ្យបានកាន់តែប្រសើរសម្រាប់សុខុមាលភាពសហគមន៍។
ទី៣) ការអភិវឌ្ឍនិរន្តរភាពសម្រាប់កំណើន សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ទ ទី៤) ភាពធន់ទប់ទល់នឹងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ និងទី៥) ការពង្រឹងនូវ កិច្ចសហប្រតិបត្តិការថ្នាក់តំបន់ដោយផ្អែកលើទស្សនវិស័យ សម្រាប់អាងទន្លេទាំងមូល។
យុទ្ធសាស្រ្តអភិវឌ្ឍន៍នេះនឹងជួយឱ្យប្រទេសតាមអាងទន្លេមេគង្គ ដោះស្រាយបញ្ហាប្រឈមដែលកើតមាន និងធ្វើឱ្យស្ថានភាពអាងជារួមបានប្រសើរឡើង។
លោកបណ្ឌិតអាន ពេជ្រហត្ថដានាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC មានប្រសាសន៍ថា យុទ្ធសាស្រ្តថ្មីនេះ ស្របទៅនឹងអាទិភាពរបស់រដ្ឋាភិបាលតាមដងទន្លេមេគង្គ និងតម្រូវការក្នុងការសម្រេចឱ្យបាននូវអាងទន្លេមេគង្គមួយ ដែលកាន់តែមានភាពធន់ និងមាំមួនជាងមុន តាមរយៈការរៀបចំផែនការបរិសកម្ម និងការគ្រប់គ្រងដោយឱ្យមានតុល្យភាព រវាងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងការគាំពារផ្នែកបរិស្ថាន។
យោងតាមសេចក្តីប្រកាសព័តមានរបស់ MRC បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រ១០ឆ្នាំ និង៥ឆ្នាំនេះ បានឯកភាពឡើង ដោយ រដ្ឋាភិបាលប្រទេសទាំង៤មានកម្ពុជា ថៃ ឡាវ និងវៀតណាម ដោយយោងលើការវាយតម្លៃថ្មីៗពីផលប៉ះពាល់សំខាន់ៗ ដែលបណ្តាលមកពីការអភិវឌ្ឍធនធានទឹក និងធនធានពាក់ព័ន្ធផ្សេងៗនិងហេដ្ឋារចនាសម្ព័ន្ធរួមទាំងទំនប់វារីអគ្គិសនី ដែលបានផ្លាស់ប្តូររបបលំហូរទឹកធ្វើឱ្យប៉ះពាល់ដល់ចរាចរកំណកល្បាប់ និងបង្កើនសំណឹកតាមច្រាំង។
ផលប៉ះពាល់ទាំងនេះ បានធ្វើឱ្យមានការធ្លាក់ចុះនូវចំនួនត្រីធម្មជាតិ ការខូចខាតនៃធនធានបរិស្ថាននិងទំនាបលិចទឹក និងការកាត់បន្ថយក្នុងការបំពេញល្បាប់ ក្នុងតំបន់ដីសណ្តរ ខណៈការប្រែប្រួលអាកាសធាតុ ក៏បានបង្កើនភាពធ្ងន់ធ្ងរនៅតាមដងទន្លេនេះដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត៕







