បណ្ដាខេត្តនានាចាប់ផ្ដើមរឹតបន្តឹងការធ្វើដំណើរក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

        ដោយៈលក្ខិណា

ភ្នំពេញៈ អាជ្ញាធរនៅតាមបណ្តាខេត្តនានា បាននិងកំពុងចាប់ផ្តើមដាក់ចេញវិធានការណ៍រឹតបន្តឹងការធ្វើដំណើរនៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលនឹងប្រព្រឹត្តិទៅចន្លោះថ្ងៃទី១៣ ដល់១៦ មេសា ខាងមុខនេះ។

រាជរដ្ឋាភិបាលកម្ពុជា មិនបាផ្អាកឬពន្យារថ្ងៃឈប់សម្រាកដូចឆ្នាំមុន តែបណ្ដាខេត្តនានាចាប់ផ្ដើមរឹតបន្តឹង ចំពោះការធ្វើដំណើរចូលរដ្ឋបាលគ្រប់គ្រង របស់ខេត្តនីមួយៗបណ្ដើរហើយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការមុនគេពីការរឹតត្បិតការធ្វើដំណើរនៅពេលយប់។

ការដាក់ចេញវិធានការរបស់រដ្ឋបាលខេត្តនានា គឺជាសារមួយដាស់តឿនដល់ប្រជាពលរដ្ឋជាពិសេសនៅរាជធានីភ្នំពេញ កុំឱ្យបំលាស់ទីចល័តធ្វើដំណើរឆ្លងខេត្តចេញទៅភ្នំពេញ ទៅកាន់គោលដៅខេត្តនានា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីជូនដំណឹងមួយ របស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៥ មេសា ២០២១នេះ បានដាក់ចេញវិធានការរដ្ឋបាល ជាបណ្ដោះអាសន្នរយៈពេល៩ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មេសា២០២១ គឺជាពេលវេលាជាទូទៅ ពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅកាន់ស្រុកកំណើត។

នៅក្នុងសេចក្តីជូនដំណឹងនិងណែនាំនេះ បានបញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាព អាជីវកម្ម អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន ។ រមណីយដ្ឋានធម្មជាតិ រមណីយ  ដ្ឋានប្រវត្តិសាស្ត្រ និងរមណីយដ្ឋានកែច្នៃនានា ត្រូវរៀបចំកងកម្លាំងត្រួតពិនិត្យ យាមល្បាតឱ្យតឹងរ៉ឹង មិនឱ្យមានការកម្សាន្ត ឬការប្រមូលផ្ដុំណាមួយឡើយ ។

រដ្ឋបាលខេត្តក៏បញ្ជាឱ្យ ផ្អាកបណ្ដោះអាសន្ននូវការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួ​លទានអាហារ ភេសជ្ជៈ ឬទទួលទានគ្រឿងស្រវឹង លើកលែងការជួបជុំក្នុងចំណមសមាជិកគ្រួសារដែលរស់នៅ លំនៅឋាន ឬទីសំណាក់ជាមួយគ្នា។ ត្រូវរឹតបន្តឹងការធ្វើដំណើរ ឬការដឹកជញ្ជូនមនុស្សដែលមានចំនួនច្រើន។

ចំពោះបងប្អូនប្រជាពលរដ្ឋត្រលប់មកលេងស្រុកកំណើត ដែលមកពីតំបន់មានការរីករាលខ្លាំង នៃជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមលំនៅឋានរៀងខ្លួន ដែលប្រការនេះគឺជាការហាមបងប្អូននៅភ្នំពេញ ត្រលប់ទៅស្រុកកំណើតនៅក្នុងថ្ងៃចូលឆ្នាំខ្មែរ ។

ក្រៅពីវិធានការរបស់រាជធានីភ្នំពេញ និងខេត្តកំពង់ធំ ក៏មានខេត្តដទៃទៀតចាប់ផ្ដើមដាក់វិធានការស្រដៀងគ្នា ដើម្បីទប់ស្កាត់ការចល័តនៅអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែធំឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here