បណ្តាលំនៅដ្ឋានប៉ែកខាងលិចក្រុងភ្នំពេញប្រឈមកង្វះខាតទឹកធ្ងន់ធ្ងរ នាពេលខាងមុខ

        ដោយៈ លក្ខិណា

        ភ្នំពេញៈ បណ្តាបុរី និងលំនៅដ្ឋាននៅភាគខាងលិចរាជធានីភ្នំពេញ កំពុងប្រឈមនឹងការខ្វះខាតទឹកខ្លាំងនៅរដូវប្រាំងនេះ ខណៈការផ្គត់ផ្គង់ទឹកស្អាតនៅមានកម្រិត និងកំនើនប្រជាពលរដ្ឋបានកើនឡើងនៅតំបន់នេះ។

នៅតាមបណ្ដោយផ្លូវជាតិលេខ៤ នៃសង្កាត់កន្ទោក ខណ្ឌកំបូល កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេព្រឹកៗឡើងនិងពេលល្ងាចត្រូវដណ្ដើមគ្នាចាំត្រងទឹកពីធុងដែលក្រុមបុរីពិភពថ្មី ដាក់បញ្ឈរនៅក្នុងសួននៃបុរី ។

វាមិនមែនទើបតែកើតឡើងចំពោះ អ្នករស់នៅក្នុងបុរីមួយនេះ ប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់នោះទេ ពោលគឺយូរឆ្នាំមកហើយ ឱ្យតែដល់រដូវប្រាំងពលរដ្ឋត្រូវដឹកទឹកមកក្នុងផ្ទះ ដើម្បីប្រើប្រាស់ ឬក៏ទិញទឹកពីអ្នកដែលដឹកទឹកដើរលក់តាមផ្ទះ ក្នុងបុរីមកប្រើប្រាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ីថាន់ រស ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូលបានឱ្យដឹងនាព្រឹកថ្ងៃទី២ មេសាកន្លងមកថា ៤ឆ្នាំមកហើយដែលលោកមករស់នៅក្នុងបុរីនេះ ហើយឱ្យតែរៀងរាល់រដូវប្រាំងពលរដ្ឋក្នុងបុរី តែងតែខ្វះខាតទឹកប្រើប្រាស់ ។ ប៉ុន្តែនៅរយៈពេលចុងក្រោយនេះ ជាពិសេសនៅក្នុងរដូវប្រាំងឆ្នាំនេះ ការខ្វះខាតទឹកគឺមានទ្រង់ទ្រាយកាន់តែធ្ងន់ធ្ងរឡើង ដោយទឹកដែលបុរីបូមពីក្នុងដីមកដាក់ក្នុងធុងនៅតាមសួរច្បារ គឺកាន់តែតិចទៅៗ ហើយពលរដ្ឋជាច្រើនមករង់ចាំត្រងទឹកពីធុងនោះទៅប្រើប្រាស់ ។

លោកបន្តថា “ឆ្នាំនេះទឹកក្នុងធុងនោះ កាន់តែមានសម្ពាធខ្សោយទៅៗ ធ្វើឱ្យពល​រដ្ឋត្រូវរង់ចាំយូរដើម្បីត្រង់ដាក់បំពេញកាន ឬធុងដឹកទឹក”។

ពលរដ្ឋមួយរូបទៀតដែលរស់នៅក្នុងបុរី ពិភពថ្មីកំបូងគម្រោង២ ក៏បាននិយាយដែរថា វាពិតជាពិបាកណាស់សម្រាប់គ្រួសារគាត់ ដែលត្រូវធ្វើការព្រឹកចេញព្រលប់ចូល ហើយពេលមកដល់ផ្ទះ អត់មានទឹកសម្រាប់លាងជម្រះហើយធ្វើឱ្យមួរម៉ៅខ្លាំងផងដែរ ។ បើផ្ទះអ្នកដែលមានមនុស្សពេញកំលាំង អាចទៅដឹកពីសួនមកប្រើបាន តែសម្រាប់ផ្ទះអ្នកដែលមានមនុស្សចាស់ក្មេងៗ និងស្រីៗទៀត តើត្រូវទៅដឹកទឹកពីណាមកប្រើគ្រប់គ្រាន់ទៅ ។

អ្នកជំនាញអចលនទ្រព្យជាច្រើន បានផ្ដល់ជាយោបល់កន្លងមកថា មុននឹងសម្រេចចិត្តទិញ ផ្ទះត្រូវគិតគូរពីហេដ្ឋារចនាសម្ព័ន្ធឱ្យច្បាស់ជាមុនសិន ទឹក ភ្លើង គឺសំខាន់ណាស់ក្នុងការរស់នៅប្រចាំថ្ងៃ បើសិនជាខ្វះមួយណា វាពិតជាជួបបញ្ហាក្នុងការរស់នៅជាក់ជាមិនខាន។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនថា មិនអាចផ្គត់ផ្គង់ទឹកគ្រប់គ្រាន់នោះទេ នៅឆ្នាំ២០២១និង២០២២ខាងមុខនេះ ដោយសារតែតម្រូវការទឹកច្រើនជាងការផលិត រហូតដល់ជាង១៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ។ រដ្ឋាករទឹកបានបញ្ជាក់ថានៅឆ្នាំ២០២៣ ខ្លួននឹងអាចដោះស្រាយទឹកបានមួយកម្រិត ក្រោយពេលអាងប្រព្រឹត្តិកម្មទឹកស្អាតបានចាប់ផ្ដើមសាងសង់កាលពីអំឡុងខែ កុម្ភៈកន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here