ដោយៈលក្ខិណា
ភ្នំពេញៈ អាជីវកម្មពេលរាត្រី ដូចជាការលក់ចំណី អាហារភេសជ្ជៈ បន្លែ ត្រីសាច់និងក្រុមអ្នកដឹកអ្នកដំណើរបាន និងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ ជាពិសេសក្រោយបំរាមគោចររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការធ្វើដំណើរពេលយប់រយៈពេល២សប្ដាហ៍។
លោកឆាយ សុខុម អ្នករត់កង់បីនៅរាជធានីភ្នំពេញបានឱ្យដឹងថា ពេលនេះកាន់តែពិបាករកលុយហើយ ដោយសារតែពេលយប់ អាជ្ញាធរតម្រូវឱ្យចូលផ្ទះត្រឹមម៉ោង៨យប់ ជាកំហិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងនិងចម្លងជំងឺកូវីដ១៩បន្ថែមទៀត ។ លោកថា កាលពីមុនយើងអាចរត់ដឹកអ្នកដំណើរបាន នៅពេលថ្ងៃផង និងយប់ខ្លះៗដែរ ដោយត្រឹមម៉ោង១១ ឬ១២យប់ចូលផ្ទះ តែពេលនេះត្រឹមម៉ោង៨យប់ត្រូវចូលផ្ទះ មិនអាចនៅរត់ដើរម៉ូយទៀតទេ។
ម្យ៉ាងទៀតមនុស្សម្នា ក៏លែងឱ្យចេញយប់ដូចមុនផងដែរ ដូច្នេះក៏រឹតតែគ្មានអ្វីត្រូវដឹកដែរ។
លោកវន់ ពៅប្រធានសមាគមសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ឋបានឱ្យដឹងថា នៅក្នុងថ្ងៃ អនុវត្តន៍លើកដំបូងយប់ថ្ងៃទី ១ មេសា ២០២១ មានប្រជាពលរដ្ឋជាអាជីវករជាច្រើនបានទាក់ទងទៅលោកដើម្បីជួយអន្តរាគមន៍ ដោយស្នើទៅអាជ្ញាធរពិនិត្យមើលផង ព្រោះអាជីវកម្មខ្លះត្រូវធ្វើឡើងតែពេលយប់ ដូចជាអ្នកលក់មីឆា បបរស លតឆាជាដើម ជាពិសេសអ្នកចែកចាយបន្លែ ត្រីសាច់ពេលយប់តែម្ដង ។
លោកបន្តថា “ពេលខ្លះរឿងខ្លះ អាជ្ញាធរមូលដ្ឋានអនុវត្តន៍លើសពីអ្វី ដែលថ្នាក់ដាក់បញ្ជាទៅទៀត។ នៅងសារាចរណ៍ គេមិនបានបញ្ជាក់ថាឱ្យបិទអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេនៅក្នុងសណ្ឋាគារនោះទេ តែសូមឱ្យអាជីវកម្មទាំងនោះ វេចខ្ចប់ជូនភ្ញៀវបាន គ្រាន់តែមិនអនុញ្ញាតបើកទទូលភ្ញៀវពីសាក្នុងហាងប៉ុណ្ណោះ”។
លោកវ៉ន់ ពៅបានបន្ថែមថា រដ្ឋាភិបាលគួរតែពន្យារពេលបន្តិច ក្នុងការអនុវត្តន៍សារាចរណ៍នេះ ព្រោះថាម៉ោង៨យប់គឺជាពេលវេលាលឿនពេក បើសិនជារដ្ឋាភិបាលអាចកំណត់ត្រឹមម៉ោង៩ ឬម៉ោង១០យប់វាបានជួយសម្រួល ដល់ក្រុមអ្នករកទទួលទានពេលយប់បានមួយកម្រិតទៀត។
សារាចរណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ពលរដ្ឋហាមធ្វើដំណើរពីម៉ោង២០ ឬម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ហើយបើសិនជាមានអ្នកបំពានត្រូវដកហូតយានជំនិះរក្សាទុក២សប្ដាហ៍ និងតម្រូវឱ្យចត្តាឡីស័កផងដែរ។ សារាចរណ៍នេះក៏មានករណីលើកលែង ដល់ក្រុមមនុស្សមួយចំនួនផងដែរ តែត្រូវមានលិខិតអនុញ្ញាតធ្វើដំណើរពីអាជ្ញាធរ៕







