ដោយៈសុខុម
វ៉ាស៊ីនតោន: ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី៣១ មីនា បានបញ្ចេញផែនការហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្សមួយ ដែលមានទឹកប្រាក់រហូតដល់ទៅ២ទ្រីលានដុល្លារ។
ការបញ្ចេញកញ្ចប់ថវិកាដ៏ច្រើននេះ ធ្វើឡើងក្នុងគោលបំណងធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ដែលចាស់ទ្រុឌទ្រោមរបស់សហរដ្ឋអាមេរិក ដោយបង្កើតការងាររាប់លានកន្លែង និងផ្តល់ការវិនិយោគ “មួយជំនាន់មនុស្សមានតែម្ដង” ដែលធ្វើឱ្យសហរដ្ឋអាមេរិក មានលទ្ធភាពយកជ័យជម្នះលើមហាយក្សចិន នៅលើឆាកសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃទី០១ មេសា នេះ។
ដំណាក់កាលទី១ នៃកម្មវិធីកាត់បន្ថយហានិភ័យ ថ្ងៃអនាគតមានឈ្មោះថា Building Back Better (BBB) បានប្រកាសអំឡុងសុន្ទរកថានៅទីក្រុង Pittsburgh នេះរៀបរាប់លម្អិត អំពីការវិនិយោគដ៏ធំមហិមាសម្រាប់រយៈពេល៨ឆ្នាំ។
ដោយកំណត់យកហេដ្ឋារចនាសម្ព័ន្ធ ជាចំណុចស្នូលនៃរបៀបវារៈសេដ្ឋកិច្ចរបស់ខ្លួន ប្រធានាធិបតីរូបនេះអំពាវនាវឱ្យចំណាយ៦២០ពាន់លានដុល្លារ ទៅលើវិស័យដឹកជញ្ជូន រួមមាន ការជួសជុលផ្លូវថ្នល់ប្រវែង៣២.០០០ គីឡូម៉ែត្រ ជួសជុលស្ពានរាប់ពាន់ និងបង្កើនថវិកាទ្វេរដង សម្រាប់វិស័យដឹកជញ្ជូនសាធារណៈ។
លោក ចូ បៃឌិនបានថ្លែងថា “ថ្ងៃនេះខ្ញុំសុំស្នើផែនការមួយ សម្រាប់ប្រជាជាតិរបស់យើង ដែលជួយបង្កើតការងារ ដែលមិនត្រឹមតែជួយផ្ដល់ភាពមានបានប៉ុណ្ណោះទេ”។លោកបន្តថា “វាជួយកសាងសេដ្ឋកិច្ចដ៏ត្រឹមត្រូវមួយ ដែលផ្ដល់ឱកាសឱ្យគ្រប់គ្នាទទួលបានជោគជ័យផងដែរ។ វានឹងបង្កើតសេដ្ឋកិច្ចដ៏រឹងមាំបំផុត ធន់ទ្រាំបំផុត ប្រកបដោយភាពច្នៃប្រឌិតបំផុតនៅក្នុងពិភពលោក”។
លោកបានបន្ថែមថា វាជាការវិនិយោគដែលមានម្តង ក្នុងមួយជំនាន់មនុស្សនៅសហរដ្ឋអាមេរិក ខុសពីអ្វីដែលយើងធ្លាប់បានឃើញ ឬធ្លាប់បានធ្វើ ចាប់តាំងពីយើងបានសាងសង់ប្រព័ន្ធផ្លូវហាយវ៉េអន្តររដ្ឋ (ឆ្លងរដ្ឋ) និងការប្រណាំងប្រជែងផ្នែកអវកាសកាលពីច្រើនទសវត្សរ៍មុន។
មួយផ្នែកនៃការចំណាយនេះនឹងត្រូវរ៉ាប់រង តាមរយៈការដំឡើងពន្ធសាជីវកម្មពី ២១% ដល់ ២៨%។ សំណើចំណាយយ៉ាងធំថ្មីនេះ ធ្វើឡើងមិនយូរប៉ុន្មានក្រោយពីសហរដ្ឋអាមេរិក អនុម័តផែនការស្ដារសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ ចំនួន ១,៩ ទ្រីលានដុល្លារ។
ទោះជាយ៉ាងណា គេរំពឹងថា សំណើរបស់លោកចូ បៃឌិន នឹងត្រូវឆ្លងកាត់ដំណាក់កាលជជែកដេញដោលយ៉ាងតានតឹងនៅសភា ព្រោះគណបក្សប្រជាធិបតេយ្យ មានសំឡេងភាគច្រើនតិចតួចប៉ុណ្ណោះ ហើយនឹងប្រឈមការជំទាស់យ៉ាងខ្លាំងក្លា ពីគណបក្សសាធារណរដ្ឋ។
លោកចូ បៃឌិន បានចាត់ទុកផែនការនេះថាជា “ការវិនិយោគការងារធំបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទី២” ដែលនឹងជួយពង្រឹងតំណែងរបស់ប្រទេសនេះ នៅលំដាប់កំពូលនៃសេដ្ឋកិច្ចពិភពលោក”។
លោកបានលើកឡើងទៀតថា “វានឹងជួយបង្កើតការងាររាប់លានកន្លែង ការងារដែលផ្តល់ប្រាក់ខែល្អ។ វានឹងជួយឱ្យសេដ្ឋកិច្ចរីកចម្រើន ធ្វើឱ្យយើងមានការប្រកួតប្រជែងកាន់តែខ្លាំងទូទាំងពិភពលោក លើកកម្ពស់ផលប្រយោជន៍សន្តិសុខជាតិរបស់យើង ហើយដាក់ខ្លួនយើងឱ្យស្ថិតនៅក្នុងជំហរ ដើម្បីឈ្នះការប្រកួតប្រជែងជាសកលជាមួយប្រទេសចិន នៅប៉ុន្មានឆ្នាំខាងមុខ”។
រយៈពេលប៉ុន្មានខែខាងមុខនេះ នឹងក្លាយជាពេលវេលាសាកល្បងជំនាញចរចាររបស់លោក ចូ បៃឌិន ដែលជាជើងចាស់ខាងរៀបចំកិច្ចព្រមព្រៀងនៅវ៉ាស៊ីនតោន ដូចនេះឱកាសដែលផែនការហេដ្ឋារចនាសម្ព័ន្ធរបស់លោក នឹងក្លាយជាច្បាប់ នៅមិនទាន់ប្រាកដប្រជានៅឡើយទេ។
ផែនការនេះក៏ប្តេជ្ញា “ចាប់ផ្ដើមបដិវត្តន៍រថយន្តអគ្គិសនី” តាមរយៈការបង្កើតបណ្តាញសាកថាមពលរថយន្តអគ្គសនីចំនួន៥០០,០០០គ្រឿង ជំនួសរថយន្តដឹកជញ្ជូនប្រើប្រេងម៉ាស៊ូតចំនួន៥០.០០០ គ្រឿង និងពន្លឿនការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធកាន់តែធន់ទ្រាំ នឹងការប្រែប្រួលអាកាសធាតុផងដែរ៕







