ដោយៈរតនៈ
ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ចពន្យល់ថា ប្រជាពលរដ្ឋដែលមានដីធំនៅតំបន់ ដែលអភិវឌ្ឍន៍ខ្លាំងក្តី ប៉ុន្តែមិនត្រូវលក់ដីនោះទេ បើមិនបានរៀបចំគោលដៅចំណាយប្រាក់ដែលបានមកពីការលក់ដីឲ្យបានច្បាស់លាស់នោះទេ។
លោក ង៉ែត ជូ អ្នកជំនាញផ្នែកហិរញ្ញវត្ថុ បានប្រាប់គេហទំព័រProropertyareaនាព្រឹកថ្ងៃទី១ មេសានេះថា ក្នុងរយៈពេល៤ទៅ៥ឆ្នាំកន្លងមកនេះ តម្លៃដីធ្លីនៅតំបន់ដែលអភិវឌ្ឍន៍ខ្លាំង គឺមានកំណើនដីអាចកើនឡើងចន្លោះពី២០ ទៅ៣០ភាគរយក្នុងមួយឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋដែលមានដីធ្លីចង់លក់ចេញ ដើម្បីបានប្រាក់មកប្រើប្រាស់។ តែទោះជាយ៉ាងលោកថា ប្រសិនបើមិនមានភាពចាំបាច់នោះទេមិនគួរលក់ដីធ្លីនោះទេ។
លោកបានពន្យល់ថា “ការលក់ដីធ្លីលុះត្រាតែមានតម្រូវការចាំបាច់ ដូចជាព្យាបាលជំងឺ រៀបអាពាហ៍ពិពាហ៍ ចំណាយបង់ថ្លៃសាលាកូនជាដើមនោះ គឺអាចលក់ត្រឹមតែបំពេញតម្រូវការបាន ឬក៏អាចទៅខ្ជីបុលពីធនាគារ ហើយរកប្រាក់សងវិញ ដើម្បីគេចពីការលក់ដីធ្លីទាំងនោះ”។លោកបន្តថា “”ចំនុចសំខាន់មួយទៀត គឺម្ចាស់ដីធ្លីអាចលក់បានប្រសីនបើគាត់យកប្រាក់នោះ ទៅធ្វើជំនួញជាមួយជំនាញច្បាស់លាស់ ហើយប្រាកដថាអាចចិញ្ចឹមជីវិតបានគឺគាត់អាចសម្រេចលក់បាន”។
បើតាមលោក ង៉ែត ជូបានបន្តថា កន្លងមកការចំណាយរបស់ប្រជាពលរដ្ឋ ភាគច្រើនបានធ្វើឡើងមិនចំគោលដៅ ធ្វើឲ្យខាតបង់ដីធ្លី គឹមានដូចជាការលក់ដីហើយ ទៅទិញ ឡាន ម៉ូតូ សង់ផ្ទះធំ និងចាយវាយដោយមិនមានប្រាក់ចំណេញមកវិញ។ ករណីនេះលោកចាត់ទុកថា ដោយសារតែអ្នកទាំងនោះខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕







