អារ៉ាប៊ីសាអូឌីតចាប់ផ្ដើមកាត់បន្ថយការពឹងផ្អែកលើប្រេងដោយបោះទុន១,៣ទ្រីលានដុល្លារសម្រាប់វិស័យឯកជន

ដោយៈសុខុម

ក្រុងរីយ៉ាដ:  ព្រះអង្គម្ចាស់រាជទាយាទនៃប្រទេសអារ៉ាប៊ីសាអូឌីត មានព្រះបន្ទូលថា ក្រុមហ៊ុនប្រេងAramco និងក្រុមហ៊ុនផលិតគីមីឥន្ធនៈ Saudi Basic Industries Corp (SABIC) នឹងដឹកនាំការវិនិយោគរបស់វិស័យឯកជន ក្នុងប្រទេសនេះក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៥ទ្រីលានរីយ៉ាល់(១,៣ ទ្រីលានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០៣០ ក្រោ​មកម្មវិធីនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី៣១ មីនា។

ចំណាត់ការដែលត្រូវបានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ មីនា នេះធ្វើឡើងក្នុងគោ​លបំណងកៀរគរវិស័យឯកជន ឱ្យជួយកាត់បន្ថយការពឹងផ្អែក នៃសេដ្ឋកិច្ចរបស់ប្រទេសនេះលើការនាំចេញប្រេង ដែលនៅតែមានទំហំជាងពាក់កណ្តាល នៃប្រាក់ចំណូលសរុបរបស់រដ្ឋ ហើយនឹងអភិវឌ្ឍវិស័យថ្មីៗ ដើម្បីជួយបង្កើតការងារសម្រាប់ពលរដ្ឋ អារ៉ាប៊ីសាអូឌីតរាប់លាននាក់។

ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman មានព្រះបន្ទូលតាមកញ្ចក់ទូរទស្សន៍ថា កម្មវិធីនេះគឺជាផ្នែកមួយ នៃផែនការវិនិយោគក្នុងទំហំទឹកប្រាក់១២ ទ្រីលានរីយ៉ាល់ (៣,២ ទ្រីលានដុល្លារអាមេរិក) ដែលបានគ្រោងទុកនៅត្រឹមឆ្នាំ២០៣០ ។ ផែនការនោះក៏រួមបញ្ចូលទាំងចំនួន៣ ទ្រីលានរីយ៉ាល់ (៨០០ ពាន់លានដុល្លារអាមេរិក) បានពីមូលនិធិវិនិយោគសាធារណៈ (Public Investment Fund- PIF) និងចំនួន៤ទ្រីលានរីយ៉ាល់ (១,១ ទ្រីលានដុល្លារអាមេរិក) ក្រោមយុទ្ធសាស្ត្រវិនិយោគថ្មីមួយរបស់ប្រ​ទេ​សអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះប្រមាណ២ទ្រីលានរីយ៉ាល់ (៥៣៣ ពាន់លានដុល្លារអាមេរិក) បានពីការវិនិយោគបរទេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បូករួមជាមួយនឹងការចំណាយរបស់រដ្ឋាភិបាល និងការប្រើប្រាស់ក្នុងស្រុកផង ទំហំចំនួ​នទឹកប្រាក់វិនិយោគសរុប នឹងកើនឡើងដល់២៧ទ្រីលានរីយ៉ាល់ (៧,២ ទ្រីលានដុល្លារអាមេរិក)។

ព្រះអង្គម្ចាស់មានបន្ទូលថា “កម្មវិធី Shareek ថ្មីនេះ នឹងជួយវិស័យឯកជនបង្កើតការងារថ្មីៗរាប់សែនកន្លែង ហើយនឹងជួយជំរុញការចូលរួមចំណែក របស់វិស័យឯកជនដល់ GDP (ផលិតផលក្នុងស្រុកសរុប) រហូតដល់ ៦៥% ត្រឹមដំណាច់ទសវត្សរ៍នេះ”។

ក្រោយមក ព្រះអង្គម្ចាស់មានព្រះបន្ទូល ទៅកាន់ក្រុមអ្នកយកព័ត៌មានក្នុងសន្និសីទតាមអនឡាញថា ក្រុមហ៊ុនAramco និងក្រុមហ៊ុន SABIC នឹងបោះទុន៦០%នៃការវិនិ​យោគ១,៣ទ្រីលានដុល្លារអាមេរិកនេះ។

ព្រះអង្គម្ចាស់បានគូសបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឱ្យក្រុមហ៊ុនចូលរួមធំៗបំផុតជួយកាត់បន្ថយការផ្ដល់ភាគលាភ (ចំណែកប្រាក់ចំណេញ) របស់ខ្លួនដើម្បីបង្កើនការចំណាយមូលធន។

លោកMohammed al-Jadaan រដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុនចំនួន២៤ ដែលភាគច្រើនជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ នឹងវិនិយោគទឹកប្រាក់ចំនួន២ទ្រីលានរីយ៉ាល់ (៥៣៣ ពាន់លានដុល្លារអាមេរិក) នៅត្រឹមឆ្នាំ២០២៥ និង៣ទ្រីលានរីយ៉ាល់ (៨០០ ពាន់លានដុល្លារអាមេរិក) បន្ថែមទៀតនៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងទៀតថា រដ្ឋនឹងជួយគាំទ្រ តាមរយៈកម្មវិធីរួមមានប្រាក់កម្ចីគ្មានការប្រាក់ ឬការប្រាក់ទាបពីបណ្ដាស្ថាប័នអភិវឌ្ឍន៍ របស់អារ៉ាប់ប៊ីសាអូឌីត និងការលើកទឹកចិត្តផ្នែកពន្ធ ស្របតាមគោលការណ៍ណែនាំរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO)៕

LEAVE A REPLY

Please enter your comment!
Please enter your name here