ក្រសួងការងារជូនដំណឹងស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី៥៦ ជូនកម្មករ និយោជិតសរុបចំនួន៩៥៤១នាក់

        ដោយៈរតនៈ

ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជូនដំណឹងស្តីពី ការបើកប្រាក់ឧបត្ថម្ភ លើកទី៥៦ ជូនកម្មករនិយោជិតសរុបចំនួន៩៥៤១នាក់ នៅរោងចក្រ សហគ្រាសចំនួន៣៩ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញផ្សាយនៅថ្ងៃទី ៣១​ ខែ​មីនានេះឲ្យដឹងថា ការបើកប្រាក់ឧបត្ថម្ភ លើកទី៥៦ជូនកម្មករនិយោជិតនេះ ធនាគារឯកទេសវីង នឹងជូនដំណឹងតាមការផ្ញើសារទៅលេខទូរសព្ទដែលកម្មករ និយោជិត បានផ្ដល់ជូនក្រសួង​តាមរយៈរដ្ឋបាលរោងចក្រ សហគ្រាស។

សេចក្ដីជូនដំណឹងដដែលបន្តថា ការផ្តល់ប្រាក់ឧបត្ថម្ភ​​លើកទី៥៦ ជូនកម្មករនិយោជិតនេះ បែងចែកទៅតាមកិច្ចសន្យានៃការព្យួរការងារនេះ ដែលមានដូចជា៦ម៉ឺនរៀល ឬ១៥ដុល្លាសហរដ្ឋអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល៧ដល់១០ថ្ងៃ​។  ១២ម៉ឺនរៀល ឬ ៣០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ដល់២០ថ្ងៃ​ និង១៦ម៉ឺនរៀល ឬ​៤០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល២១ថ្ងៃដល់១ខែ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្រាប់ការព្យួរកិច្ចសន្យារយៈពេលចាប់ពី២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា២លើក ដោយលើកទី២នឹងត្រូវបើកនៅថ្ងៃទី​២០ខែមេសា។

ក្រសួងក៏បានរំលឹកថា ប្រសិនបើកម្មករ និយោជិតមិនបានទៅបើកប្រាក់ពីធនាគារវីងរយៈពេល១០ថ្ងៃក្រោយ ទទួលបានសារពីធនាគារ ប្រាក់ទាំងនោះនឹងបង្វិលចូលទៅរដ្ឋាភិបាលវិញ ហើយកម្មករ និយោជិតចង់បើកប្រាក់នោះ ត្រូវយកអត្តសញ្ញាណបណ្ណ និងលេខទូរសព្ទដែលធនាគារបានផ្ញើសារចូល បង្ហាញដល់ភ្នាក់ងារធនាគារវីងដែលនៅជិតបំផុត ទើបបើកបាន។

រោងចក្រ សហគ្រាសចំនួន៣៩ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភ លើកទី៥៦ គឺនៅក្នុងវិស័យកាត់ដេរចំនួន ១៩កន្លែង និងក្នុងវិស័យទេសចរណ៍ចំនួន២០កន្លែង៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here