លោកចូ បៃឌិនស្នើឱ្យប្រទេសប្រជាធិបតេយ្យធំៗបង្កើតផែនការហេដ្ឋារចនាសម្ព័ន្ធប្រជែងនឹងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់១ ផ្លូវ១” របស់ចិន

ដោយៈសុខុម

អាមេរិកៈ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិនបានស្នើឲ្យបណ្តាប្រទេសប្រជាធិបតេយ្យធំៗ គួរតែមានផែនការហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នាមួយ ដើម្បីប្រកួតប្រជែងនឹងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់១ ផ្លូវ១” (Belt and Road Initiative) ហៅកាត់ BRI របស់មហាយក្សចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។

លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ខ្ញុំបានស្នើឡើងថា បណ្ដារដ្ឋប្រជាធិបតេយ្យរបស់យើង គួរតែមានគំនិតផ្តួចផ្តើមស្រដៀងគ្នាមួយ ដើម្បីជួយដល់សហគមន៍នានាទូទាំងពិភពលោកដែលត្រូវការជំនួយ”។

គំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់មហាយក្សចិន គឺផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសកលមួយ ជាមួយនឹងទំហំវិនិយោគជាច្រើនទ្រីលានដុល្លារ ដែលប្រធានាធិបតីស៊ី ជីនភីង បានដាក់ចេញក្នុងឆ្នាំ២០១៣ ដើម្បីវិនិយោគលើគម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងប្រទេសជាង១០០ទូទាំងពិភពលោក ចាប់ពីអាស៊ីបូព៌ា ដល់ទ្វីបអឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងដ៏ធំមហិមានេះ នឹងជួយពង្រីកឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិន កាន់តែធំ ដែលធ្វើឱ្យសហរដ្ឋអាមេរិក និងអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង។

ការលើកឡើងបែបនេះរបស់លោក ចូ បៃឌិន បានធ្វើឡើង ក្រោយពីលោកបានប្រកាសជំហរកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ មីនា ថា លោកនឹងរារាំងប្រទេសចិន មិនឱ្យវ៉ាឈ្នះសហរដ្ឋអាមេរិក ក្លាយជាប្រទេសដ៏ឥទ្ធិពលបំផុត លើពិភពលោកបានជាដាច់ខាត។ លោកបានសន្យាថា នឹងវិនិយោគក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីធានាថា សហរដ្ឋអាមេរិក នឹងទទួលជ័យជម្នះនៅក្នុងការប្រកួតប្រជែងកាន់តែខ្លាំង រវាងប្រទេ​សទាំង២ ដែលជាសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក។

លោកចូ បៃឌិន គ្រោងនឹងបង្ហាញផែនការ ដែលមានទឹកប្រាក់ជាច្រើនទ្រីលានដុល្លារ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហរដ្ឋអាមេរិក នៅសប្តាហ៍នេះ។ លោកបានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនថា នៅក្នុងផែនការនេះនឹងធានាបង្កើនការនិយោគរបស់សហរដ្ឋអាមេរិក លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាថ្មីៗ ដូចបច្ចេកវិទ្យា Quantum Computing បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជីវៈជាដើម។

ខណៈបង្ហាញការព្រួយបារម្ភរបស់ខ្លួន និងកំពុងព្យាយាមជំរុញឱ្យវិស័យឯកជនបង្កើនការវិនិយោគលើគម្រោងនានានៅក្រៅប្រទេស ដើម្បីប្រកួតប្រជែងជាមួយនឹងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ចិន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនទាន់មានលទ្ធភាពបញ្ចុះបញ្ចូលប្រទេសនានាឱ្យជឿជាក់ថា ខ្លួនអាចផ្តល់ជម្រើសផែនការហេដ្ឋារចនាសម្ព័ន្ធជាក់លាក់មួយ ដែលអាចប្រកួតប្រជែងនឹងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ចិន បាននៅឡើយទេ។

ជាលទ្ធផលនៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ប្រទេសជាង១០០បានចុះកិច្ចព្រមព្រៀងជាមួយមហាយក្សចិន ដើម្បីធ្វើកិច្ចសហប្រតិបត្តិការក្នុងគម្រោងនានា ដូចជាផ្លូវដែក កំពង់ផែ ផ្លូវហាយវ៉េ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

យោងតាមRefinitiv ដែលជាក្រុមហ៊ុនផ្ដល់ទិន្នន័យទីផ្សារហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធទូទាំងពិភពលោកឱ្យដឹងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ គម្រោងជាង ២.៦០០ក្នុងទំហំវិនិយោគ សរុបរហូតដល់៣.៧ទ្រីលានដុល្លារ ដែលជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” ត្រូវបានចុះហត្ថលេខា។

ទោះជាយ៉ាងណាប្រទេសចិន បាននិយាយកាលពីឆ្នាំមុនថា ប្រហែលជា២០% នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់មួយ ផ្លូវមួយ” បានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការឆ្លងរាតត្បាតវីរុសកូវីដ-១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here