រដ្ឋមន្ត្រីការបរទេសអាស៊ាន៤រូបធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្ដាហ៍នេះដើម្បីរឹតបន្តឹងទំនាក់ទំនង និងមិត្តភាព

ដោយៈសុខុម

ប្រទេសចិន: បណ្តារដ្ឋមន្ត្រីការបរទេសចំនួន៤រូប មកពីបណ្ដាប្រទេសជាសមាជិកអាស៊ាន ចាប់ផ្ដើមធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីថ្ងៃពុធ ទី៣១ មីនា នេះដល់ថ្ងៃសុក្រ ទី២ មេសា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាត​        ត្បាតវីរុសកូវីដ-១៩ និងរួមគ្នាកសាង “ខ្សែក្រវាត់ ផ្លូវមួយ” (One Belt, One Road) ប្រកបដោយគុណភាពខ្ពស់។ នេះបើយោងតាមសារព័ត៌មាន Ecns ចុះផ្សាយនៅថ្ងៃនេះ។

រដ្ឋមន្រ្តីការបរទេសទាំងនោះ រួមមាន លោក Vivian Balakrishnan មកពីប្រទេសសិង្ហបុរី លោក Hishammuddin Hussein មកពីប្រទេសម៉ាឡេស៊ី លោកស្រី Retno Marsudi មកពីប្រទេសឥណ្ឌូនេស៊ី និងលោកTeodoro Locsin មកពីប្រទេសហ្វីលីពីន។

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និ​សីទសារព័ត៌មានថា ប្រទេសចិន សង្ឃឹមថានឹងពង្រឹងទំនាក់ទំនង ជុំវិញស្ថានការណ៍ថ្នាក់តំបន់ និងអន្តរជាតិជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមអ្នកនាំពាក្យដដែលឱ្យដឹងថា លោក វ៉ាង យី (Wang Yi) សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន បានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្ទើរតែទាំងអស់ក្នុងអាស៊ាន ខណៈរដ្ឋមន្ត្រីការបរទេស និងសមាជិកគណៈរដ្ឋមន្ត្រីសំខាន់ៗមកពីអាស៊ាន ក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ផងដែរ។

លោកស្រីលើកឡើងថា “ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទាំង៤រូបនេះ បង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងបណ្តាប្រទេសជិតខាងរបស់ខ្លួនក្នុងអាស៊ាន តាមរយៈទំនាក់ទំនងកាន់តែជិតស្និទ្ធ”។

អាស៊ាន ក៏ជាគោលដៅអាទិភាព នៃដំណើរទស្សនកិច្ចរបស់លោក វ៉ាង យីផងដែរនៅឆ្នាំនេះ ដោយកាលពីខែមករា លោកបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូ​នេស៊ី ព្រុយណេ និងហ្វីលីពីន។

លោកស្រីអ្នកនាំពាក្យ Hua Chunying និយាយថា បណ្ដាប្រទេសក្នុងអាស៊ាន គឺជាប្រទេសជិតខាងជាមិត្តរបស់ប្រទេសចិន ដែលតភ្ជាប់ដោយដីគោក និងសមុទ្រ ព្រមទាំងជាដៃគូដ៏សំខាន់នៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ ផ្លូវមួយ” ផងដែរ។

លោកស្រីបន្ថែមទៀតថា ប្រទេសចិន តែងតែឱ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយបណ្តាប្រទេសក្នុងអាស៊ាន ហើយតែងតែចាត់ទុកប្រទេសទាំងនោះ ជាអាទិភាពនៃការទូតរបស់ខ្លួន។ ចាប់តាំងពីការផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ មកប្រទេសចិន និងបណ្តាប្រទេសក្នុងអាស៊ាន ក៏បានរក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ ហើ​យក៏ធ្វើឱ្យមានវឌ្ឍនភាពជាវិជ្ជមានផងដែរ នៅក្នុងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត។

វ៉ាក់សាំងចិន ត្រូវបានចែកចាយទៅដល់ប្រទេសទាំង៤នេះរួចហើយ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ ដ៏កាចសាហាវ។ ឆ្នាំនេះគឺជាខួបឆ្នាំទី៣០ នៃទំនាក់ទំនងសន្ទនារវាងប្រទេសចិន និងអាស៊ាន។

កាលពីឆ្នាំមុន អាស៊ានបានវ៉ាឈ្នះសហភាពអឺរ៉ុប ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុ​តរបស់ប្រទេសចិន ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ជាង៦៨៤,៦ ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here